ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យលោក ដែន សូនី តារាល្បីអនឡាញ ពីបទហិ-ង្សា ដោយចេតនាលើស្ត្រីម្នាក់ដល់ក្នុងបន្ទប់ជួល ក្នុងសង្កាត់វាលស្បូវ

BY
srey nuch
April 5, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧៖១៥ នាទី (ម៉ោង១៦៖១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឱ្យដឹងថាជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នាវេលាម៉ោង ៧និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: