កម្រាលផ្លូវថ្មីស្តង់ដារប្រទេសជប៉ុន ចាប់ផ្តើមលេចរូបរាងបណ្តើរៗហើយនៅម្តុំ Pub Street
ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ តាមរយៈកិច្ចព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលខេត្តសៀមរាប និងកិច្ចសហការជាមួយក្រុមហ៊ុន Omura Ceratec Co.,Ltd បាន និងកំពុងអនុវត្តការងារក្រាលបេតុងជ្រាបទឹក (Pilot Project) ដេីម្បីបង្ហាញអំពីបច្ចេកវិទ្យាថ្មី លេីការសាង់សង់កម្រាល និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ ២ធ្នូ ប្រវែង ៩៣ម៉ែត្រ ពីចំណុចប្រសព្វ Pub Street ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមមានកម្រាលផ្លូវ ចំណត និងចិញ្ចើមផ្លូវ ដែលគម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោងបញ្ចប់ទាំងស្រុង ១០០%ក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

គម្រោងសាកល្បងនេះមានគោលបំណងរួមចំណែកការពារទឹកជំនន់ ទឹកដក់លើផ្លូវ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement) ជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន ហេីយគម្រោងកំពុងអនុវត្តន៍បាន ៥០%ហេីយ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប







