ស្ត្រីម្នាក់រលូតកូន ដោយសារវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាច្រឡំជាមួយថ្នាំរំលូតកូន
ស្ត្រីម្នាក់ឈ្មោះថា Zhang វ័យ ៣១ឆ្នាំ មកពីខេត្ត Jiangxi ប្រទេសចិនបានសង្ស័យថា ខ្លួនគាត់ប្រហែលជាមានផ្ទៃពោះ បន្ទាប់មកគាត់ក៏បានទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ លុះមកដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតស្រីម្នាក់បានពិនិត្យឱ្យគាត់ និងបញ្ជាក់ថា គាត់ពិតជាមានផ្ទៃពោះ និងមានសុខភាពល្អធម្មតា។ ក្រោយមកវេជ្ជបណ្ឌិតម្នាក់នោះបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបំប៉នបន្ថែម ពីព្រោះស្រ្តីមានផ្ទៃពោះជាធម្មតាត្រូវការការបំប៉នជាចាំបាច់។

ជាអកុសលនៅយប់ថ្ងៃដដែល បន្ទាប់ពីលេបថ្នាំរួច នាង Zhang ទទួលរងនូវការឈឺចាប់ក្នុងពោះយ៉ាងខ្លាំង ហើយថែមទាំងមានហូរឈាមទៀតផង។ នាងត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យភ្លាម ប៉ុន្តែក្រោយមកខាងមន្ទីរពេទ្យបានប្រាប់នាងថា នាងបានបាត់បង់កូនទៅហើយ។ នាង Zhang និងក្រុមគ្រួសារមានការសោកស្តាយបំផុត ដោយសាររយៈពេល ៨ឆ្នាំ មកហើយ ដែលនាងទើបតែអាចមានកូនជាថ្មីម្តងទៀត។
ការស៊ើបអង្កេតត្រូវបានធ្វើឡើងហើយវាបង្ហាញថា ថ្នាំវេជ្ជបញ្ជាដែលនាងលេបជាការពិតគឺជាថ្នាំសម្រាប់រំលូតកូន វាមិនមែនជាថ្នាំជំនួយអ្នកមានផ្ទៃពោះអ្វីនោះទេ។ ក្រោយមកនាង Zhang និងគ្រួសារ បានទៅជួបជាមួយវេជ្ជបណ្ឌិតស្រីដែលចេញថ្នាំឱ្យនាង ប៉ុន្តែវេជ្ជបណ្ឌិតនោះបានត្រឹមតែប្រកែកថា នាងមិនមានន័យថា ចង់ចេញវេជ្ជបញ្ជានោះទេ។ បន្ទាប់ពីស្ដាប់ឮសម្ដីដែលគ្មានទំនួលខុសត្រូវ និងគ្មានវិប្បដិសារីទៅលើអ្វីដែលជាកំហុសរបស់ខ្លួន នាង Zhang បានត្រឹមស្តីបន្ទោសខ្លួនឯងប៉ុណ្ណោះ។ យ៉ាងណាមិញសង្ឃឹមថា ការស៊ើបអង្កេតនឹងអាចផ្ដល់ភាពយុត្តិធម៌ឱ្យនាង Zhang និងគ្រួសារ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz