ក្រសួងសុខាភិបាល ណែនាំឲ្យឪពុកម្តាយប្រុងប្រយ័ត្ន ចំពោះកូនៗនូវជំងឺពងបែកដៃ ជើង និងមាត់ នៅរដូវក្តៅនេះ
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជូនសាធារណៈជនឲ្យបានដឹង ដោយសារតែក្រសួងបានឃើញមានការកើនឡើងនៃករណីជំងឺពងបែកដៃ ជើង និងមាត់ នៅលើកុមារអាយុក្រោយ៥ឆ្នាំ និងករណីខ្លះមានសភាពធ្ងន់ធ្ងរ ដែលតម្រូវសំរាកនៅមន្ទីរពេទ្យកុមារ ដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងអំឡុងពេលនៃការកើនឡើងកំដៅនេះ។
ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទកើតឡើង ញឹកញាប់ ចំពោះទារក និងកុមារ ហើយវាបង្កឲ្យមានរោគសញ្ញា គ្រុនក្រៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្តួលលើបាតដៃ បាតជើង និងកំប៉េះគូទ។ ជំងឺនេះភាគច្រើនជាជំងឺស្រាល ហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ ១០ថ្ងៃ ដោយពុំចាំបាច់មានការព្យាបាល ហើយកម្រមានផលវិបាកណាស់ អ្នកជំងឺត្រូវបរិភោគទឹកឲ្យបានច្រើន ហើយអ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ ជាពិសេសមិនត្រូវប្រើថ្នាំ អាស្ពីរីនន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ៕


អត្ថបទ៖ សេម