ព័ត៌មានជាតិ

មន្ត្រីជំនាញ រកឃើញបំណែកសាច់ខូចគុណភាពចំនួន ៧ ៥៩៥ គីឡូក្រាម ដែលនាំចូលពីប្រទេសជិតខាងគ្មានឯកសារត្រឹមត្រូវ

BY
srey nuch
April 22, 2024

(ខេត្តបាត់ដំបង-បន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង ៧ ៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

ករណីទី១៖ បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ចំនួន ៣៩៥គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ករណីទី២៖ កោះមាន់និងជើងទាចំនួន ៧ ២០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Share This Post: