ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលឧបត្ថម្ភថវិកាជាង ៥លានដុល្លារ ដល់ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌

    BY Khmernote Media May 2, 2024
    សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលឧបត្ថម្ភថវិកាជាង ៥លានដុល្លារ ដល់ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលឧបត្ថម្ភថវិកាដល់ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលគិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ទទួលបានថវិកាចំនួន ជាង៥លានដុល្លារអាម៉េរិកពីសប្បុរសជន។

    នៅលើបណ្ដាញទំនាក់ទនងសង្គម កាលពីល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោបានសរសេរថា បាល់ទាត់ល្ងាចនេះ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិយើង។ អរគុណក្រុមបាល់ទាត់ទាំង៤ក្រុមដែលចូលរួមប្រកួត។ អរគុណសិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបម្រើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ។ អរគុណអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។

    សម្ដេចតេជោ ក៏បានអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកា ដែលគិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ មានប្រាក់រៀល ៦០៥ 000000 រៀល ជាដុល្លារ ៤ ៨៥០ ០០០ ដុល្លារ។ សរុបគិត​​ជាប្រាក់ដុល្លារចំនួន (៥ ០០១ ២៥០)។ សម្ដេចតេជោលើកឡើងថា ដូចបានជំរាបជូន៣ថ្ងៃមុននេះថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ ៥០០ ០០០ ដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០០ ០០០ ដុល្លារ, គ្រួសារយុទ្ធជនពលី២០គ្រួសារ ២០០ ០០០ ដុល្លារ សរុប ១ ០០០ ០០០ ដុល្លារ។

    សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានិងទទួលបាន ៤ ០០១ ២៥០ ដុល្លារ ជាបណ្តោះអាសន្ន និងប្រសិនជាទទួលបានបន្ថែមទៀត ក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ លទ្ធផលចុងក្រោយរបស់យើង គឺជីវិតសុខភាពនិងស្នាមញញឹមរបស់កុមារ។

    គួរបញ្ជាក់ដែរថា នារសៀលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

    ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយបំផុត ដែលមានបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះលទ្ធផលនៃការប្រកួតគឺ កីឡាបាល់ទាត់ក្រុមតារាកម្ពុជា (Cambodia football Super Stars) បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ Kun Khmer All Stars ក្នុងលទ្ធផល (2-0)។

    ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ហើយជំរុញប្រជាពលរដ្ឋស្រឡាញ់កីឡា និងចៀសផុតពីគ្រឿងញៀន និងទឹកចិត្តសប្បុរសធម៌ ពិសេសដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាការបង្ហាញឱ្យឃើញ ពីភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់សន្តិភាព និងស្របទៅតាមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»៕

    ​ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay