សង្គម

ឆ្នេរសមុទ្រខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូល ហេីយប្រែជាខៀវស្រងាត់វិញហើយ

BY
Khmernote Media
March 27, 2019

មួយរយៈមុន បងប្អូនប្រជាពលរដ្ឋជាច្រើនមានការប្រតិកម្មយ៉ាងខ្លាំង ចំពោះការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រនៅខេត្តព្រះសីហនុ ធ្វើឲ្យទឹកសមុទ្រ ដែលធ្លាប់តែមានពណ៌ខៀវស្រងាត់ ប្រែទៅជាខ្មៅ ហើយភ្ញៀវទេសចរណ៍មួយចំនួនក៏មិនហ៊ានចុះងូតទឹកសមុទ្រលេងផងដែរ។ បើយោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងផងដែរថា “ពេលនេះសមុទ្រ និងឆ្នេរបានត្រឡប់មករកភាពប្រក្រតីគឺខៀវស្រងាត់ ស្រស់បំព្រង ។ ទាំងនេះគឺជាការខំប្រឹងប្រែងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលមាន សម្តេចតេជោជាប្រមុខ ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានការចូលរួមពីអាជ្ញាធរ មន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធ នានា និងបងប្អូនគ្រប់មជ្ឍដ្ឋាន។ សូមបងប្អូន មកលេងកម្សាន្តនៅសមុទ្រ និងឆ្នេរដ៍ស្រស់ស្អាត របស់យេីងទាំងអស់គ្នា!”។

ក្នុងនោះផងដែរ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគររូបនីយកម្ម និងសំណង់ ក៏បានបញ្ជាក់ដូចគ្នាដែរថា “វេលាម៉ោង ១៤​ រសៀល​ ថ្ងៃអង្គារ៍ ៦រោច​​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៦​ ខែមីនា​ ឆ្នាំ​ ២០១៩​ ឆ្នេរសមុទ្រក្នុងខេត្ត​ព្រះសីហនុ​លែងមានទឹកកខ្វក់ហូរចូលទៀតហេីយ​ តទៅនេះឆ្នេរសមុទ្រនៅខេត្តព្រះសីហនុរបស់យេីង​នឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញហេីយ​ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន។”៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់

Share This Post: