ព័ត៌មានជាតិ

ស្រ្តីម្នាក់ពាក់ឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ មិនមែនជានគរបាលនោះទេគឺជាជនឆបោក

BY
Khmernote Media
May 11, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្រ្តីម្នាក់ ដែលគ្រងឯកសណ្ឋានជានគរបាលជាតិ រងការចោទប្រកាន់ថាដើរបោកប្រាស់យកលុយកាក់ប្រជាពលរដ្ឋ មិនមែនជានគរបាលនោះទេ គឺជាជនឆបោក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ថាជាកូនចៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអះអាងចោទប្រកាន់ថា បានចាញ់បោកលុយកាក់ទៅលើស្រ្តីនេះអស់ជាច្រើននោះ។

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ គឺស្ដ្រីក្នុងរូបភាពជានគរបាលនេះ គឺគ្រងឯកសណ្ឋានក្លែងបន្លំជានគរបាល គឺការពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះស៊ុន ស៊ីន នៅលើផ្លាកឈ្មោះជាមនុស្សប្រុស បម្រើការងារនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខ៨៦៣៤៣ ភេទប្រុស ជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ឯកឧត្តមស្នងការ សូមអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: