អង្គការ NASA នឹងបញ្ជូនអវកាសយានិករបស់ពួកគេត្រឡប់ទៅឋានព្រះចន្ទវិញម្តងទៀតឱ្យបានមុនឆ្នាំ ២០២៤
អង្គការ NASA នឹងបញ្ជូនអវកាសយានិករបស់ពួកគេត្រឡប់ទៅឋានព្រះចន្ទវិញ ក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីមានការបញ្ជាពីរដ្ឋបាល Trump ។ អនុប្រធានលោក Mike Pence បាននិយាយថា ប្រធានាធិបតីលោក Donald Trump ចង់ឱ្យអវកាសយានិកប៉ះនឹងប៉ូលខាងត្បូងរបស់ឋានព្រះចន្ទឱ្យបានត្រឹម ឆ្នាំ២០២៤ ។ លោកអនុប្រធានបានអំពាវនាវដល់ NASA ឱ្យស្តារភាពរឹតបណ្តឹងនេះជាបន្ទាន់ ដើម្បីការរុករកទីអវកាស ហើយចាត់ទុកវាជាអាទិភាពក្នុងការកំណត់ «គោលដៅដ៏រឹងមាំ»។

អនុប្រធានាធិបតីលោក Mike Pence បាននិយាយកាលពីថ្ងៃអង្គារថា ចាប់តាំងពីការបញ្ចប់បេសកកម្មអាប៉ូឡូទី ១១ យើងបានបង្កើតនូវរបកគំហើញមិនគួរឱ្យជឿនៅក្នុងបច្ចេកវិទ្យា ដែលបានអនុញ្ញាតឱ្យយើងធ្វើដំណើរទៅមុខបន្ថែមទៀតដោយសុវត្ថិភាពជាងមុននៅក្នុងអវកាស។ លោក Pence បាននិយាយថា សហរដ្ឋអាមេរិកគឺជាប្រជាជាតិដំបូងគេ ដែលទៅដល់ឋានព្រះចន្ទនៅសតវត្សរ៍ទី ២០ ដូច្នេះយើងក៏នឹងក្លាយជាប្រទេសដំបូងដែលនឹងវិលត្រឡប់ទៅឋានព្រះចន្ទវិញនៅសតវត្សរ៍ទី ២១ ។ យ៉ាងណាក៏ដោយកាលពីប៉ុន្មានសប្តាហ៍មុន អង្គការ NASA ក៏បាននិយាយថា ពួកគេមានគម្រោងចង់ឱ្យមនុស្សអាចទៅនៅឋានព្រះចន្ទនៅ ឆ្នាំ២០២៨ ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail