ព័ត៌មានជាតិ

សូមរកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន ក្នុងពេលប្រារព្ធមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅលើផ្លូវ២០០៤ នៅព្រឹកថ្ងៃស្អែកនេះ

BY
Khmernote Media
May 16, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦៖០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីស្ទឹង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: