ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី បើកការពិភាក្សាដើម្បីកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

BY
Khmernote Media
May 16, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៤បានដឹកនាំ​កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធករណីសំណង់ស្ថិតនៅជុំវិញបរិវេណ​តំបន់អភិរក្សបេតិកភណ្ឌ​ប្រវត្តិ​សាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ កិច្ចប្រជុំនេះបានធ្វើឡើង ខណៈដែលនៅថ្ងៃទី២០ ខែឧសភា ខាងមុខ គឺជាទិវានៃចងចាំ ចំពោះរបបប្រល័យពូជសាសន៍ប៉ុលពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​បានបង្ហាញពីចក្ខុវិស័យថា​យើងត្រូវកំណត់ឱ្យបានជាក់លាក់នូវសំណង់​ស្ថិតនៅជុំវិញ​បរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ។ត្រូវគិតគូរពិចារណាវែង​ឆ្ងាយ​ពីព្រោះការសម្រេចចិត្តនាពេលនេះ នឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថារាល់សំណង់ជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ទួលស្លែងត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ លើសពីនេះ គឺត្រូវធ្វើការយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់​ឱ្យកាន់​តែល្អ​ប្រសើរ​ឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់​អភិរក្សដទៃ​ទៀតនៅទូទាំងប្រទេស។

ជាការកត់សម្គាល់បច្ចុប្បន្ននៅជុំវិញសារមន្ទីរប្រវត្តិសាស្រ្តនេះជាលំនៅឋាន ប្រជាពលរដ្ឋ។ស្មារតីនៃការចងចាំពិភពលោករបស់​អង្គការ​យូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់​អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជា គុកមួយក្នុងចំណោមគុកចំនួន១៩៦ នៅទូទាំងកម្ពុជា ក្នុងកម្ពុជាប្រជាធិប​តេយ្យ​ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។តាមរយៈសាវតាសង្ខេបរបស់គុកទួលស្លែង នៅក្នុងរបបខ្មែរក្រហម មានមនុស្សយ៉ាង​ហោចណាស់ ២០ ០០០នាក់ រាប់ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងសាហាវ​ជាទីបំផុត។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ជា​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​អតីត​ “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(សម័យ​ខ្មែរ​ក្រហម)​។ អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ ស្ថិត​នៅចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​​​ស្ងាត់​ជ្រងំ ក្រោយ​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កម្ទេចអ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុម​គ្រួសារ ដោយ​ផ្អែក​លើ​គោល​នយោបាយ​ដាក់​កំហុស​ជា​ប្រព័ន្ធ​។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហម​ដោះ​លែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុង​ចំណោមនោះ​មានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: