អ្នកសរសេរប្លុកជនជាតិចិនម្នាក់និយាយថា ការរៀនភាសាអង់គ្លេសគឺអត់ប្រយោជន៍ និងខ្ជះខ្ជាយពេលវេលា
អ្នកសរសេរប្លុកជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ក្រោយពីគាត់បាននិយាយថា ការរៀនភាសាអង់គ្លេសគឺជាការខ្ជះខ្ជាយពេលវេលា និងជាភាសាសំរាម។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo កាលពីថ្ងៃអាទិត្យលោក Hua Qianfang បាននិយាយថា ការសិក្សាភាសាអង់គ្លេសគឺជា «ជំនាញសំរាមមួយសម្រាប់ប្រជាជនចិនភាគច្រើន ដែលខ្ជះខ្ជាយថាមពល និងលុយច្រើនឥតគណនា»។ គាត់បានបន្តថា៖ «អ្នកទាំងឡាយណាដែលការពារការរៀនភាសាអង់គ្លេស គឺគ្មានអ្វីក្រៅពីអ្នកអនុវត្តន៍ក្នុងឧស្សាហកម្ម និងធ្វើឱ្យខ្លួនឯងក្លាយជាទាសករមនោគមវិជ្ជា»។

ខណៈពេលដែលអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានគាំទ្រលោក Hua ដោយនិយាយថា មនុស្សជាច្រើនមិនចាំបាច់រៀនភាសាអង់គ្លេស ក៏មានអ្នកមួយចំនួនទៀតមានការខឹងសម្បា និងចោទជាសំណួរថា តើវាខុសអ្វីទៅបើគ្រាន់តែចង់រៀនភាសាផ្សេងទៀត? ប្រជាជនចិនមានទំនាក់ទំនងទៅកាន់ពិភពលោកដូចសព្វថ្ងៃគឺដោយសារភាសាបរទេសនេះ ហើយពួកយើងក៏មិនមែនជាមនុស្សមានអំនួតគិតថា ភាសាបរទេសគ្មានប្រយោជន៍នោះដែរ…។
ក្រោយពីមានភាពចម្រូងចម្រាសកាសែតចិន China Youth Daily បានឆ្លើយតបទៅនឹងការពេញចិត្តនៃការរៀនភាសាអង់គ្លេស ដោយចង្អុលបង្ហាញពីសារៈសំខាន់របស់ភាសានៅក្នុងការអភិវឌ្ឍ។ បើយោងតាម Sixth Tone អ្នកនិពន្ធចិនម្នាក់ឈ្មោះ Lin Ke បានសរសេរថា ការរៀនភាសាអង់គ្លេសគឺមានសារៈសំខាន់សម្រាប់យុវវ័យជនជាតិចិន ហើយមនុស្សគ្រប់គ្នាចាំបាច់ត្រូវដឹងថា គោលបំណងនៃការរៀនភាសាអង់គ្លេសគឺមិនមែនដើម្បីចូលក្នុងបណ្តុំសង្គមដទៃនោះទេ ប៉ុន្តែដើម្បីជំរុញការចក្ខុវិស័យ និងការគិតរបស់អ្នក៕



អត្ថបទ៖ លីដា
ប្រភព៖ nextshark