ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាឱ្យស្រាវជ្រាវរកអ្នកលេង Tik Tok ប្រើភាសាវៀតណាម បញ្ចេញយោបល់មិនសមរម្យ លើវីដេអូរបស់សម្តេច

BY
Khmernote Media
May 20, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវសមាសភាព អ្នកលេងបណ្តាញសង្គម តិចតុក ដែលប្រើប្រាស់ភាសាវៀតណាម ចូលមកបញ្ចេញយោបល់ក្នុងលើវីដេអូរបស់សម្តេច។

ការបញ្ជាឱ្យស្រាវជ្រាវខាងលើ បានធ្វើឡើងក្រោយពីអ្នកលេងបណ្តាញសង្គមទាំងនោះ ប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេច។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានសរសេរថា «ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ​ ៤វីដេអូ ដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ»។

សម្ដេចបានបន្តថា៖ «កាលឆ្នាំ២០១៦ និង២០១៧ មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿង សមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម tik tok ម្តងប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ»។

«ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាម នៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរ ខ្មែរផង»។

«ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?»។

«ខ្ញុំមិនចោទប្រកាន់ថា ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: