ព័ត៌មានជាតិ

កម្ពុជាទៅថ្ងៃខាងមុខ ការលែងលះគ្នាដោយការព្រមព្រៀង និងគ្មានវិវាទ មិនចាំបាច់ឡើងដល់តុលាការនោះទេ

BY
Khmernote Media
May 25, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងកម្មវិធីប្រឡងប្រជែង ជ្រើសរើសសិស្សសារការីជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ សម័យប្រឡង នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ មណ្ឌលប្រឡង “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” ដែលស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសសិស្សសារការីជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ គឺប្រព្រឹត្តទៅប្រកបដោយភាពសុក្រឹត្យ និងមានតម្លាភាព។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសរំលេចថា ឆ្នាំនេះជាឆ្នាំមួយ ដែលក្រសួងនឹងសម្រេចឱ្យបាននូវច្បាប់សាការី ដែលជាច្បាប់ច្បាស់លាស់មួយ តាមការព្យាករណ៍ និងមានបន្ថែមនូវសមត្ថកិច្ចជាច្រើនថែមទៀតដល់សាការី ដែលកម្ពុជាទៅថ្ងៃក្រោយ ការលែងលះគ្នាដោយការព្រមព្រៀង ដោយគ្មានវិវាទ គឺមិនចាំបាច់ឡើងដល់តុលាការនោះទេ គឺត្រឹមតែមុខសាការីតែប៉ុណ្ណោះ ដូចនេះជំនាន់នេះ គឺជំនាន់ដែលចេញទៅវិញគឺស្ពាយទៅជាមួយនូវច្បាប់សាការីបាន ហើយជាការប្តេជ្ញាចិត្តនៅក្នុងការរៀបចំសេចក្តីព្រៀងច្បាប់នេះ នឹងឱ្យចប់នៅក្នុងឆ្នាំនេះនិងអនុវត្តច្បាប់នេះឱ្យបាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ចំពោះមុខវិជ្ជាដែលបេក្ខជនទាំងអស់ត្រូវប្រឡងមានចំនួន៤មុខវិជ្ជារួមមាន៖ មុខវិជ្ជានីតិអចលនទ្រព្យ ,មុខវិជ្ជានីតិពាណិជ្ជកម្មនិងនីតិក្រុមហ៊ុន , មុខវិជ្ជានីតិកាតព្វកិច្ចនិងកិច្ចសន្យា និងមុខវិជ្ជានីតិគ្រួសារ ដូចនេះសូមបេក្ខជនទាំងអស់កុំអោយពេលវេលាកន្លងទៅអត់ប្រយោជន៍ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចាប់ផ្តើមសរសេរ ព្រោះនេះជាការប្រឡងប្រកួតប្រជែង មិនមែនគ្រាន់តែប្រឡងយកតែមួយជាប់នោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា គោលការណ៍ក្នុងវិស័យយុត្តិធម៌ ទាក់ទងនិងការជ្រើសរើសមន្រ្តី ក្នុងនីតិកាលថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេច នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ដើម្បីផ្លាស់ប្តូររបៀបរបបមួយចំនួនក្នុងការប្រឡង ហើយអ្វីដែលសំខាន់ជាងគេគឺធានាឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពសុក្រឹតនិងយុត្តិធម៌ ។ ចំពោះការប្រឡងនាពេលនេះ គឺបេក្ខជនទាំងអស់ត្រូវបង្ហាញសមត្ថភាព និងជឿជាក់លើខ្លួនឯងថា ក្នុងចំណោមបេក្ខជនជាង២០០នាក់ គឺយើងចេះជាងគេ ដូចនេះយើងត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នព្យាយាម ធ្វើអោយដល់ទីបញ្ចប់ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា ក្នុងការប្រឡងនេះ ក៏មានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលវត្តមានពួកគាត់នាពេលនេះ គឺដើម្បីធានាបានថាកិច្ចដំណើរការប្រព្រឹត្តទៅគឺស្របតាមច្បាប់បញ្ញតិ្តជាធរមាន និងដើម្បីអោយដំណើរការប្រឡងនេះមានតម្លាភាព មានភាពសុក្រឹត្រនិងយុត្តិធម៌ ដូច្នេះចំពោះបេក្ខជនណាដែលរកឃើញថាមានភាពមិនប្រក្រតីនៅក្នុងកិច្ចការប្រឡងនេះ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ថា ចំពោះការប្រឡងនាពេលនេះ ត្រូវបង្ហាញសមត្ថភាព និងជឿជាក់លើខ្លួនអែងថា ក្នុងចំណោមបេក្ខជនទាំងអស់ គឺយើងត្រូវចេះជាងគេ ដូចនេះយើងត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្ន ព្យាយាមសរសេរឱ្យបានល្អ ធ្វើអោយដល់ទីបញ្ចប់ និងប្រើឱ្យអស់លទ្ធភាពដែលយើងមាន ដើម្បីឱ្យការប្រឡងនេះទទួលបាននូវជោគជ័យ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: