មន្រ្តីជំនាញ រកឃើញសាច់បង្កកខូចគុណភាពប្រមាណជាង ៦តោន នាំចូលតាមច្រកជ្រៃធំ ក្នុងខេត្តកណ្ដាល
- May 27, 2024
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ចូលរួមសហការជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ឃាត់និងចាប់បានសាច់បង្កកនាំចូលបានប្រមាណជាង ៦តោន។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយដឹកនាំព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាលបានសហការជាមួយ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយនិងរដ្ឋាករខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យ សាច់បង្កកនាំចូលតាមច្រកជ្រៃធំ សរុបចំនួន ៦.០៥តោន។
ដោយក្នុងនោះមន្រ្តីជំនាញបានរកឃើញថា សាច់ក្របីបង្កក ម៉ាក CORAL ចំនួន ១០០កេស (១កេស=២១គីឡូក្រាម) =២១០០គីឡូក្រាម (ប្រភពប្រទេសឥណ្ឌា) សាច់ជ្រូកបង្កកម៉ាក APK ចំនួន២០០កេស (១កេស=១៧គីឡូក្រាម) =៣៤០០គីឡូក្រាម (ប្រភពប្រទេសរុស្សី) មឹកបង្កប ម៉ាក FRESH ចំនួន៥០កេស (១កេស=១១គីឡូក្រាម)=៥៥០គីឡូក្រាម (ប្រភពប្រទេសចិន) សរុបចំនួន ៦០៥០គីឡូក្រាម ដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស ហើយសាច់បង្កកទាំងនោះបានខូចគុណភាពទៅហើយ។
ដោយមានការឯកភាពពីព្រះរាជអាជ្ញារង មន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោលសាច់បង្កកខូចគុណភាពទាំងនោះទៅតាមនីតិវិធី នៅក្នុងបរិវេណការិយាល័យគយនិងរដ្ឋាករជ្រៃធំ ជៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប្រសិនបើផលិតផលសាច់បង្កកទាំងនោះបានលក់នៅលើទីផ្សារ ៕













ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
- Share This Post:






