ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមទៀត បង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ក្នុងក្រុងព្រះសីហនុ

BY
Khmernote Media
May 27, 2024

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធក្រុមក្មេងទំនើង បង្ហោះម៉ូតូ​យ៉ាងអនាធិបតេយ្យភ្លាម វេលាម៉ោង០១និង០០នាទី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌចេញស្វែងរក។

ក្រោយទទួលបានបញ្ជា កម្លាំងល្បាតផែនជិះតាមដងផ្លូវ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព បានចេញដេញដល់ចំណុចម្តុំផ្លូវឧតុនិយម ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញមានក្មេងទំនើង០១ក្រុម មានគ្នា១២នាក់ ឃាត់ដើម្បីសាកសួរ។ ពេលនោះពួកគេបានសារភាពថាពិតជាបានបង្ហោះម៉ូតូមែន ដោយធ្លាប់ធ្វើសកម្មភាពបង្កចលាចល សកម្មនៅរាជធានីភ្នំពេញ ហើយបានមកសំរាក១យប់នៅខេត្តកំពត ទើបចេញមកដល់ខេត្តព្រះសីហនុនេះ។

វត្ថុតាងដករហូតពីក្រុមក្មេងទំនើងមានទូរស័ព្ទ ចំនួន ១២គ្រឿង និងម៉ូតូ០៥គ្រឿង។ ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី។

សូមជម្រាបជូនថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរសង្គមកិច្ច សម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានប្រមូលយកកុមារទំនាស់នឹងច្បាប់ អាយុក្រោម ១៤ឆ្នាំ ចំនួន ០៣នាក់មកអប់រំ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

Share This Post: