ស្ត្រីជក់បារីពេលកំពុងមានផ្ទៃពោះ អាចនឹងគ្មានចៅទៅថ្ងៃអនាគត
ការស្រាវជ្រាវបានបង្ហាញថា ម្តាយដែលជក់បារីអំឡុងពេលមានផ្ទៃពោះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនៗ ជាពិសេសគឺកូនស្រីរបស់ពួកគេក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ស្ត្រីត្រូវបានព្រមានអំពីហានិភ័យនៃការជក់បារីនៅពេលមានផ្ទៃពោះជាច្រើនឆ្នាំមកហើយ ដោយហានិភ័យរបស់វានឹងធ្វើឱ្យកូនក្នុងពោះប្រឈមនឹងបញ្ហាបេះដូង និងបញ្ហាសុខភាពដទៃទៀត។ យ៉ាងណាក៏ដោយសម្រាប់នៅអង់គ្លេសវិញ យ៉ាងហើចណាស់ក៏មានស្ត្រី ៦៥,០០០នាក់ នៅតែបន្តជក់បារីជារៀងរាល់ឆ្នាំ។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge បានរកឃើញថា ការខូចខាតនេះកាន់តែធំឆ្ងាយជាងការគិតទៅទៀត ដោយការរកឃើញថ្មីបានបង្ហាញថា វាមិនត្រឹមតែប៉ះពាល់ដល់កូនៗរបស់ពួកគេ ប៉ុន្តែវានឹងធ្វើឱ្យពួកគេបាត់បង់ឱកាសមានចៅផងដែរ។ ដោយតាមការធ្វើតេស្ដទៅលើសត្វកណ្តុរពួកគេបានរកឃើញថា កូននៅក្នុងពោះរបស់អ្នកជកបារីនឹងថយចុះសមត្ថភាពដែលអាចមានកូនទៅថ្ងៃអនាគត ពោលគឺវាធ្វើឱ្យខ្វះខាតអុកស៊ីសែន ដែលនឹងបណ្តាលឱ្យជាលិកាអូវែរបស់ពួកគេឆាប់ចាស់។ ដូច្នេះស្ត្រីមិនគួរេជក់បារីកំឡុងពេលមានផ្ទៃពោះនោះឡើយ ជៀសវាងលទ្ធផលដែលប៉ះពាល់ដល់មនុស្សគឺដូចជាការសិក្សាលើសត្វកណ្ដុរដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail