ព័ត៌មានជាតិ

ដំណឹងរីករាយ! ការបង្កាត់ ភ្ញាស់កូនត្រី​គល់រាំង ទទួល​ជោគ​ជ័យ​​ជាលើកដំបូង

BY
Khmernote Media
May 28, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសឱ្យដឹងថា កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយនាវេលាម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ជាមួយរូបភាពជាច្រើនសន្លឹក ក្រសួងកសិកម្មបានបញ្ជាក់ថា នេះជាលទ្ធផល​លើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវ​បច្ចេក​ទេស​វារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍​វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រី​គល់រាំង ទទួល​ជោគ​ជ័យ​​ជាលើកដំបូង ក្រោយ​ពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញ​វ័យអស់រយៈពេល​ជិត​១០ឆ្នាំ។

គប្បីជម្រាបថា ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុង​បង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទ​ត្រី​​ប្រឈម​នឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួម​ការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង ។

ត្រីគល់រាំង មានឈ្មោះផ្សេង ទៀតជាត្រីកាហោ ឬត្រីក្បាល​ឡាន ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុង​រងការគំរាម​កំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរ ជាតិដើម្បីការ​អភិរក្សធម្មជាតិ​ហៅកាត់ IUCN (Interna tional Union for Conser vation of Nature) ហើយត្រីនេះត្រូវបាន​ចុះបញ្ជីឧបសម្ព័ន្ធ១ របស់​អនុសញ្ញាសាយតេស (CITES)​ផងដែរ ។

ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង បីប្រភេទ ។គឺទី១ ត្រីបបែលយក្ស ,ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ត្រីគល់រាំង មានប្រវត្តិយូរលង់​ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុន​សម័យ​អង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទ បុរាណ នៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជា ច្រើនទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់​ប្រជាជនដោយភ្ជាប់ នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ដោយនៅតាម​ជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើល​ឃើញនូវ​ចម្លាក់រូប​ត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មក​ហើយ ។

ត្រីគល់ រាំង គឺជាប្រភេទត្រីមានស្រកាតែមួយគត់ នៅព្រះ​រាជាណាចក្រកម្ពុជាយើង ដែលអាចលូត លាស់រហូតដល់​ទម្ងន់​ប្រមាណ​៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវ​បានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។ ត្រីគល់រាំង ចូលចិត្តរស់នៅតំបន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គ បឹងទន្លេសាប ហើយតាមការសិក្សាស្រាវជ្រាវ​កន្លងមក ត្រីគល់រាំងពេញវ័យអាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលជាវដ្តជីវិតបន្តពូជមួយដ៏យូរ ដែលនេះ​ហើយជាហានិភ័យនៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូល រួមពីយើងទាំងអស់គ្នានោះទេ ។

ម្យ៉ាងទៀត ពិតមែនតែត្រីគល់រាំងនេះ អាចរស់នៅបាន​រហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំងដដែល ដោយ សារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការ បំផ្លាញជម្រក ក៏ដូចជាជីវ ចម្រុះរបស់វា ។

សូមបញ្ជាក់ថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្ត​រូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: