ព័ត៌មានជាតិ

និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញក្រុមហ៊ុនចំនួន ២ ចូលមកបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ

BY
Khmernote Media
May 28, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញ ក្រុមហ៊ុន ឈូ យ័ន អិល1(ខេមបូឌា)ឌីវេឡុបមេនឯ.ក និងក្រុមហ៊ុន អាណា រេស៊ីដេន ឯ.ក ឱ្យបង់ប្រាក់ផាកពិន័យចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណក្នុងរយៈពេល ១៥ថ្ងៃយ៉ាងយូរ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមជូនដំណឹងដល់ ម្ចាស់ក្រុមហ៊ុន/គម្រោង ចំនួន ០២ ឱ្យបានជ្រាបថា៖ លោក/លោកស្រី បានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុន/គម្រោងរបស់ លោក/លោកស្រី បាន ប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ហើយ ន.អ.ប. បានចេញលិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការ បង់ប្រាក់ផាកពិន័យចំពោះការប្រព្រឹត្តល្មើសខាងលើ ប៉ុន្តែរហូតមកដល់ពេលនេះ លោក/លោកស្រី មិនទាន់បានបង់ប្រាក់ ផាកពិន័យនៅឡើយទេ។

ដូចនេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមកោះអញ្ជើញ ម្ចាស់ក្រុមហ៊ុន/គម្រោងខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមបង់ប្រាក់ផាកពិន័យ ដែលបាន ប្រគល់ជូន ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន ៕

ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

Share This Post: