បុរសជំទង់វ័យ ១៨ឆ្នាំ ម្នាក់បានស្លាប់ ដោយសារការបរិភោគសាច់ជ្រូកចម្អិនមិនឆ្អិន
បុរសម្នាក់បានស្លាប់ បន្ទាប់ពីទទួលទានសាច់ជ្រូកដែលចម្អិននៅឆៅ ហើយបានបង្ករឱ្យប៉ារ៉ាស៊ីត larvae លុកលុយទៅខួរក្បាលរបស់គាត់។ បុរសម្នាក់នោះត្រូវបានគេឱ្យដឹងថា មានវ័យ ១៨ឆ្នាំ មិនត្រូវបានបញ្ចេញអត្តសញ្ញាណ និងមកពីប្រទេសឥណ្ឌា។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានការប្រកាច់ ហើយសន្លប់។
ការស្កេនខួរក្បាលដោយ MRI បានបង្ហាញថា អ្នកជំងឺមានដំពក (cysts) នៅលើខួរក្បាលរបស់គាត់ ជាមួយនឹងការខូចខាត ដែលធ្វើឱ្យគាត់មានជំងឺដុំគីសក្នុងប្រព័ន្ធសរសៃប្រសាទ (neurocysticercosis)។ ជំងឺនេះកើតមានឡើងនៅពេលប៉ារ៉ាស៊ីត larvae ដែលមាននៅក្នុងសាច់ជ្រូកមិនត្រូវបានចម្អិនឱ្យឆ្អិនល្អ ហើយពួកវានឹងប្រមូលផ្តុំនៅក្នុងខ្លួនមនុស្ស។
បន្ទាប់មកប៉ារ៉ាស៊ីតនេះនឹងឈ្លានពានប្រព័ន្ធសរសៃប្រសាទកណ្តាល និងបង្កឱ្យមានការប្រកាច់ (Tonic-clonic seizure ដែលមានរយៈពេលពី ១ ទៅ ៣នាទី)។ ជារឿងគួរឱ្យសោកស្តាយ ទោះបីជាវេជ្ជបណ្ឌិតប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយសង្គ្រោះក៏ដោយ បុរសនោះនៅតែមិនអាចតស៊ូបាន ហើយបានស្លាប់ ២សប្តាហ៍ ក្រោយមក៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail