ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីជិះម៉ូតូដេញកា-ប់គ្នាយ៉ាងអនាធិបតេយ្យ នៅមុខផ្សារអង្គតាសោម ស្រុកត្រាំកក់

BY
Khmernote Media
May 30, 2024

ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា បន្ទាប់ពីមានករណីក្មេងទំនើង បានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ដាវ ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ខាងមុខផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំបញ្ជាកម្លាំងជំនាញផ្ទាល់ចុះដល់កន្លែងកើតហេតុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនបក្ខពួកជនសង្ស័យបានម្នាក់ យកមកសាកសួរស្តាប់យកចម្លើយ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកផ្សេងៗបន្ថែមទៀត។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត និងឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបន្តដឹកនាំកម្លាំងជំនាញ និងសម្របសម្រួលនីតិវិធីផ្ទាល់ចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងរបស់បក្ខពួកក្រុមក្មេងទំនើង នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីស្វែងរកភស្តុតាង។

ករណីក្មេងទំនើងនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញកងរាជអាវុធហត្ថទាំងអស់ ត្រូវស្វែងរកឃាត់ខ្លួនបក្ខពួកជនសង្ស័យជាក្មេងទំនើងទាំងនេះឱ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ

Share This Post: