បឹងមួយកន្លែង នៅក្នុងទីក្រុងមែលប៊ន ប្រែក្លាយទៅជាពណ៌ផ្កាឈូកដោយឯកឯង និងបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន
អូស្រ្តាលី៖ បឹងក្នុងឧទ្យាននៅមែលប៊នមួយ បានប្រែទៅជាពណ៌ផ្កាឈូកធម្មជាតិឯកឯង ដែលបានទាក់ទាញអ្នកទស្សនាចូលចិត្តថតរូបយ៉ាងច្រើន។ បឹងអំបិលនៅតំបន់ Westgate Park របស់ទីក្រុងមែលប៊ននេះ បានប្រែក្លាយជាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បឹងដែលមានព៌ណឆើតឆាយនេះ ត្រូវបានបង្កើតឡើងដោយពន្លឺព្រះអាទិត្យជាច្រើន ជាមួយនឹងភ្លៀងធ្លាក់ និងសីតុណ្ហភាពក្តៅគួរសម។ នៅក្នុងលក្ខខណ្ឌទាំងនោះ សារាយរបស់បឹងនេះក៏ផលិតបានសារធាតុពណ៌ក្រហមម៉្យាងហៅថា beto carotene ដែលជាលទ្ធផលបានបង្ហាញថា អ្នកទេសចរនាំគ្នាមកទីនេះរៀងរាល់រដូវក្តៅចាប់តាំងពី ឆ្នាំ២០១៣ មកម្ល៉េះ។

បើមើលតាមរូបភាព អ្នកមកទស្សនាទាំងនោះបានស្លៀកពាក់ឱ្យសាកសម និងស៊ីគ្នាទៅតាមផ្ទៃបឹងពណ៌ផ្កាឈូកនៅខាងក្រោយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអាជ្ញាធរបានស្នើសុំភ្ញៀវទេសចរ កុំឱ្យនៅជិតស្និទ្ធនឹងបឹងនោះពេក ព្រោះកម្រិតអំបិលរបស់ទឹកបឹងអាចធ្វើឱ្យស្បែកឆាប់រលាក។ នៅលើបណ្តាញសង្គម អ្នកទស្សនាក៏បានព្រមានដល់អ្នកដទៃទៀតអំពី «ក្លិនស្អុយ» របស់បឹង។ ពណ៌ផ្កាឈូករបស់បឹងនេះជាទូទៅមានរយៈពេលរហូតដល់ចុងរដូវស្លឹកឈើជ្រុះ ហើយត្រលប់ទៅជាព៌ណខៀវវិញនៅពេលសីតុណ្ហភាពចុះត្រជាក់៕







អត្ថបទ៖ លីដា
ប្រភព៖ bbc