ព័ត៌មានជាតិ

ចម្ការ«ស្រ្តបឺរី» នៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ ទាក់ទាញអ្នកទេសចរណ៍ទៅទស្សនា

BY
Khmernote Media
June 1, 2024

ខេត្តកំពត៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍នានា នៅលើឧទ្យានជាតិព្រះមុនីវង្ស «បូកគោ » អ្នកទេសចរណ៍ជាតិអន្តរជាតិ អាចទៅទស្សនាចម្ការ «ស្រ្តបឺរី» ដែលតំបន់នេះបានកំពុងទាក់ទាញអ្នកទេចរណ៍ទៅទស្សនា។

ចម្ការស្រ្តបឺរីនេះ ត្រូវបានដាំដុះដោយជនជាតិកូរ៉េ ហើយចម្ការនេះមើលទៅគួរឲ្យទាក់ទាញទាំងបច្ចេកទេសដាំដុះនិងសម្ភារដាំ។ បើតាមលោក Chi Cho ហៅ តារា ជាជនជាតិកូរ៉េ ដែលជាអ្នកកាន់ផ្នែកទេសចរណ៍របស់ចម្ការស្រ្តបឺរី បាននិយាយថា ចម្ការស្រ្តបឺរីបានបង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០២៣ គឺមកដល់ពេលនេះ មួយឆ្នាំតិចប៉ុណ្ណោះ។

លោកថាពាក់ព័ន្ធមូលហេតុ ដែលម្ចាស់ចម្ការរបស់លោកសម្រេចដាំស្រ្តបឺរីនៅលើភ្នំបូកគោនេះបន្ទាប់ពីបានសិក្សាជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាឃើញថាតំបន់លើភ្នំបូកគោមានអាកាសធាតុល្អ និងជាពិសេសទៅទៀតនោះតំបន់ភ្នំបូកគោជាតំបន់ទេសចរណ៍មួយដែលមានភាពទាក់ទាញផងដែរ។

លោកChi Cho បានបញ្ជាក់ថា៖ «យើងដាំនៅទីនេះមានអាកាសធាតុ ល្អហើយពូជ ស្រ្តបឺរីនេះយើងយកមកពីប្រទេសកូរ៉េ។ ស្រ្តបឺរីមានច្រើនប្រភេទតែយើងបានជ្រើសរើសពូជស្រ្តបឺរី ណាដែលអាចដាំនៅខ្មែរបាន»។ លោកបានឲ្យដឹងទៀតថា ម្ចាស់ចម្ការស្រ្តបឺរី បានធ្វើការសិក្សាជាច្រើនលើពូជស្រ្តបឺរីនេះនៅកូរ៉េគាត់ឃើញពូជស្រ្តបឺរីនេះអាចដាំនៅកម្ពុជាបាន ទើបគាត់នាំបច្ចេកវិទ្យា និងសម្ភារមកដាំនៅទីនេះ។ បើតាមការអះអាងរបស់លោក Chi Cho បានប្រាប់ពីមូលហេតុ ដែលម្ចាស់កសិដ្ឋានសម្រេច ចិត្តដាំស្រ្តបឺរីនៅកម្ពុជា នោះដោយសារតែឃើញថានៅលើទីផ្សារកម្ពុជាមានលក់ស្រ្តបឺរីនេះដោយនាំចូលពីប្រទេសកូរ៉េ ក៏ដូចជាប្រទេសជិតខាងផ្សេងៗទៀត ដោយតម្លៃថ្លៃ ដោយសារផ្លែស្រ្តបឺរី មិនងាយដឹកយកមកនោះទេ។

ចំពោះតម្លៃលោកក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អីញ្ចឹងតម្លៃវាថ្លៃ បានយើងគិតថា យើងមកដាំនៅខ្មែរ ដើម្បីបន្ទាបតម្លៃ ហើយដើម្បីទទួលបានគុណភាពល្អយកមកពីប្រទេសក្រៅ»។ ជាមួយគ្នានោះដែរលោក Chi Cho បានឲ្យដឹងថាចម្ការស្រ្តបឺរីដែលកំពុងដាំនេះមានទំហំ១ហិកតា ប៉ុន្តែមិនទាន់បានដាំអស់នោះទេ គឺបានដាំលើផ្ទៃដីបានប្រហែលជា៤០ភាគរយប៉ុណ្ណោះ។ តែម្ចាស់ចម្ការរបស់លោកមានគម្រោងដាំបន្ថែមទៀត ដែលនៅចុងឆ្នាំនេះ នឹងដាំបន្ថែម។

លោកថា៖ «ដំដាំយើង(ស្រ្តបឺរី)មិនទាន់មានច្រើននៅឡើយទេ យើងកំពុងតែសិក្សា ស្រាវជ្រាវបន្ថែម ហើយមួយថ្ងៃយើងអាចផលិត ឬបេះបានចំនួន ១៥ ឬ២០គីឡូក្រាម ក្នុងមួយគីឡូក្រាម ដែលមានតម្លៃ ២៥ដុល្លារ។ ពេលនេះយើងមានបុគ្គលិក៣ ឬ៤នាក់ប៉ុណ្ណោះ ដោយសារយើងមានប្រព័ន្ធបច្ចេកវិទ្យាទំនើប តែនៅពេលដាំច្រើន នឹងប្រើកំលាំងច្រើនជាងនេះ»

លោកChi Cho បានឲ្យដឹងថាផ្លែស្រ្តបឺរីនេះ ត្រូវបានលក់នៅចម្ការផ្ទាល់ និងទៅលើទីផ្សារទំនើបនានាដូចជាផ្សារឡាក់គី ផ្សារជីបម៉ុង កន្លែងផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះដែរ លោកអះអាងថាពេលនេះការដាំដំណាំស្រ្តបឺរីនេះ បានកំពុងតែទទួលជោគជ័យផង ក៏ប៉ុន្តែនៅតែត្រូវការសិក្សាករណីជាច្រើនទៀតផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: