ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នាំយកថវិកាចំនួន១.៥០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផានៅសៀមរាប

BY
Khmernote Media
June 3, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌បានយកថវិកាចំនួន ១.៥០០លានរៀល ដែលរៃអង្គាសបានពីសប្បុរសជននានា តាមរយៈកម្មវិធីជិះកង់អង្គរលើកទី២ យកទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣នៅខេត្តសៀមរាប។

ការយកថវិកាទៅប្រគល់អោយនេះធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនា បន្ទាប់ពីបានរៀបចំកម្មវិធីជិះកង់អង្គរលើកទី២ ចប់រួចរាល់កាលពីថ្ងៃទី១មិថុនា។ អ្នករៀបចំកម្មវិធីជិះកង់អង្គរលើកទី២ បានប្រាប់ក្រុមការងារផ្សព្វផ្សាយក្រសួងព័ត៌មានថា មានអ្នកមកចូលរួមជិះកង់ក្នុងកម្មវិធីនៅអង្គវត្តនេះប្រមាណជាង៧០០នាក់។

ឯកឧត្តមរដ្ឋមន្ដ្រី នៅពេលប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ បានលើកឡើងថា ក្រុមគ្រូពេទ្យដែលបំពេញការងារនៅមន្ទីរពេទ្យគន្ធបុប្ផា គឺទទួលបាននូវការគោរពស្រលាញ់ពីប្រជាជនទាំងអស់គ្នា ហើយសប្បុរជន ដែលចូលរួមឧបត្ថម្ភ គឺជាវីរជននៃកុមារកម្ពុជា។ យើងទាំងអស់ត្រូវប្រកាន់ខ្ជាប់ថា អ្វីដែលអាចជួយដល់គន្ធបុប្ផាបាន គឺសូមកុំស្ទាក់ស្ទើរ ជួយគន្ធបុប្ផា គឺជួយដល់កុមារកម្ពុជា។

យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានអោយដឹងថា កាលពីឆ្នាំ២០២២ មន្ទីរពេទ្យនេះបានចំណាយអស់៣៧លានដុល្លាដើម្បីព្យាបាលជំងឺដល់កុមារកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: