តៃវ៉ាន់គ្រោងនឹងកាត់ទោសប្រហារជីវិតអ្នកស្រវឹង ហើយបើកបរបុកគេស្លាប់
តៃវ៉ាន់គ្រោងនឹងបង្កើនការដាក់ទណ្ឌកម្មចំពោះនរណាម្នាក់ដែលបើកបរក្នុងពេលស្រវឹង និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈការកាត់ទោសនឹងអាចឈានដល់ការប្រហារជីវិតសម្រាប់ករណីធ្ងន់ធ្ងរ (របួសដល់ស្លាប់) ដែលនេះបានធ្វើឱ្យមានការមិនពេញចិត្តពីក្រុមសិទ្ធិមនុស្ស។ ក្រុមមន្ត្រីបាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីម្សិលមិញ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌ ដែលអាចឱ្យអ្នកបើកបរក្នុងពេលស្រវឹងមានទោសប្រហារជិវិត ប្រសិនបើអំពើនោះត្រូវបានចាត់ទុកជា «ចេតនា» របស់ជនបង្ក។

សព្វថ្ងៃច្បាប់សម្រាប់ករណីបែបនេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកត្រឹមតែ ១០ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែសំណើថ្មីនេះនឹងបង្កើនទោសជាប់ពន្ធនាគារដល់ជនល្មើស ដែលប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀតក្នុងរយៈពេល ៥ឆ្នាំ។ ពួកគេប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត និង ជាប់គុករយៈពេល ១២ឆ្នាំ ចំពោះករណីបង្ករបួសធ្ងន់ធ្ងរ។ ក្រសួងយុត្ដិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ករណីបើកបរដែលនាំឱ្យស្លាប់មានច្រើនពេក … អ្នកបើកបរដែលផឹកស្រាស្រវឹងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ដែលនាំឱ្យមានការស្លាប់ និងធ្វើឱ្យគ្រួសារសពមានការឈឺចាប់មិនអាចបំភ្លេចបាន»។ យ៉ាងណាក៏ដោយការដាក់ទោសដល់ថ្នាក់ប្រហារជីវិតនេះត្រូវបានអនុវត្តក្នុងប្រទេសតិចតួចបំផុត ក្នុងនោះក៏មានប្រទេសចិនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes