ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ដកហូតម៉ូតូចំនួន៥គ្រឿង, សមត្ថកិច្ចខេត្តតាកែវ អំពាវនាវប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូសូមភ្ជាប់ឯកសារមកជាមួយ
- June 4, 2024
ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានស្រុកអង្គរបូរី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងវត្ថុតាង(ករណីទទួលផលចោរកម្ម) ប្រព្រឹត្តត្រង់ចំនុចភូមិកន្ទុងព្រិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះឈៀង ឈិត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមគ្គី ឃុំ/ស្រុកអង្គបុរី ខេត្តតាកែវ។
២.ឈ្មោះម៉ៅ ហួត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រនាងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
៣.ឈ្មោះសេក វី ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំ ចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
៤.ឈ្មោះ ឃី សំអុល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូចំនួន០៥គ្រឿង។
២.ទូរស័ព្ទដៃចំនួន០៧គ្រឿង។
បច្ចុប្បន្ន៖ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។
ជាមួយគ្នានេះផងដែរ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូកន្លងមក អញ្ជើញមកធ្វើការទំនាក់ទំនងជាមួយបញ្ជាការដ្ឋានកងរាជអាវុធខេត្ត(លេខទូរស័ព្ទ 0714517777) ដោយភ្ជាប់មកជាមួយនូវ ឯកសារពាក់ព័ន្ធ។
ម៉ូតូរួមមាន៖
១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកំពត 1E-0418.
២.ម៉ូតូហុងដា C125 ពណ៌ខ្មៅ ស្លាកលេខតាកែវ 1AA-7212.
៣.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខព្រះវិហារ 1E-3770.
៤.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1AB-6385.
៥.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1V-4011 ៕










ប្រភព៖ កងរាជអាវុធហត្ថខេត្តតាកែវ
- Share This Post:






