ក្រុមក្មេងទំនើងរហ័សនាមKC ត្រូវសមត្ថកិច្ចយកមកអប់រំ ដោយសំពះសុំទោសអាណាព្យាបាល និងសន្យាបញ្ឈប់សកម្មភាពខុសឆ្គងបន្ដ
- June 4, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលក្រុមក្មេងទំនើង៤នាក់រួមមាន៖

១.ឈ្មោះ លឹម ណារុណ(ហៅរ៉ា) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក (ធ្វើតេស្តមានសារធាតុគ្រឿងញៀន)។
២.ឈ្មោះ ជៀប វាសនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក
៣.ឈ្មោះ យែម យីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក
៤.ឈ្មោះ រីម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្តក់ ឃុំព្រៃក្រសាំង។
យោងតាមសមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទាំងទាំងនេះមានបក្ខពួកច្រើនដែលគេប្រើរហ័សនាម KC កន្លងទៅក្រុមនេះបានធ្វើសកម្មភាពជិះម៉ូតូអូសដាវដែកតាមផ្លូវសាធារណៈបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរយៈពេលក្រោយនេះក្រុម KC ហាក់ស្ងប់ស្ងាត់ពុំមានសកម្មភាពដូចពេលមុន ជាក់ស្ដែងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី នៅចំណុចមុខវត្តព្រៃបឹងលើផ្លូវក្រាលកៅស៊ូ1KS1ស្ថិតនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលចុះល្បាតបានជួបនិងបានឃាត់ពិនិត្យលើឧបករណ៍ទូរស័ព្ទដៃ ឃើញរូបភាពក្រុមគេថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុ ។
បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានអនុវត្ដតាមនីតិវិធីធ្វើកិច្ចសន្យាការអប់រំនិងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋានរៀងៗខ្លួន ដោយសន្យាទទួលខុសត្រូវចំពោះសកម្មភាពទាំងស្រុងក្នុងករណីមានសកម្មភាពនេះបន្ដ៕
- Share This Post:






