ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនយុទ្ធគុនចម្រុះជើងឯកអាស៊ី
- June 6, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែកក្កដា ខាងមុខ។

ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដដែលមានប្រសាសន៍ថា ការសម្រេចបញ្ចូលជើងខ្លាំងគុនខ្មែរខាងលើ បន្ទាប់ពីទទួលបានការយល់ព្រមពីលោក អេ ភូថង ដែលជាគ្រូបង្វឹក។ ឯកឧត្ដមបន្តទៀតថា ការជ្រើសរើសបេក្ខភាព គឺផ្ដោតសំខាន់លើគុណភាពដែលអាចទប់ទល់គូប្រកួតបាន។ ហេតុដូចនេះ ធឿន ធារ៉ា ត្រូវបានសម្រេចបញ្ចូលក្នុងព្រឹត្តិការណ៍នេះ។
មិនត្រឹមតែប៉ុណ្ណឹងទេ កីឡាករគុនខ្មែរមួយចំនួនទៀតក៏ត្រូវបានពិចារណាដែរ តែអ្វីដែលសំខាន់នោះ ក៏ត្រូវស្របតាមលក្ខខណ្ឌគុនចម្រុះ។ ដូច្នេះនឹងមានការបំពាក់បំប៉នបន្ថែមទៀត។
កីឡាករ កីឡាការិនីកម្ពុជា១៦នាក់នឹងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះមួយនេះដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសរុបជាង២០ប្រទេសចូលរួម៕

ប្រភព៖ Cambodia 2023
- Share This Post:






