ព័ត៌មានជាតិ

លោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា

BY
Khmernote Media
June 6, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមហើយ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ បន្តទៅមន្ទីរពេទ្យជ័យ វរ្ម័នទី៧ ខេត្តសៀមរាប។

​លោក ទីវ តារារិទ្ធិ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពក្នុងការចាប់ផ្តើម ដំណើរជិះកង់ពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការ ការព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅក្នុងខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពី ឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោក ទីវ តារារិទ្ធិ បានរៀនសូត្រ និងឃើញទិដ្ឋភាពសង្គមជាច្រើននៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាត ក្នុងជីវភាពរស់នៅតំបន់ខ្លះខ្វះគ្រូពេទ្យ និងថ្នាំសង្កូវជាដើម។ ការណ៍នេះហើយ ដែលជំរុញ ទឹកចិត្តរបស់លោក ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់បង្កើតកម្មវិធីមួយដែលអាចជួយ ដល់សង្គមបាន។

​ឆ្នាំទៅមិញ យុវជន ទីវ តារារិទ្ធិ បានសម្រេចក្ដីស្រមៃលើកទី១របស់លោក ដោយបានបង្កើត កម្មវិធីជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានចំនួន៩ប្រទេស ដោយបានរៃ អង្គាសថវិកា ប្រមាណ៦ម៉ឺនដុល្លារអាម៉េរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីនៅ ពេលនោះ លោកត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ៩ពាន់គីឡូម៉ែត្រ និងប្រើរយៈពេល៣ខែ។ ចំណែកលើកទី២ទៅកាន់តំបន់អឺរ៉ុបនេះវិញ ជាការធ្វើដំណើរវែងឆ្ងាយ និងប្រើរយៈ ពេលពេញមួយឆ្នាំ ដោយឆ្លងកាត់ប្រទេសចំនួន២៥ លើចម្ងាយផ្លូវលើសពី២ម៉ឺនគីឡូម៉ែត្រ។ ប្រទេសដែលលោក ទីវ តារារិទ្ធិ នឹងឆ្លងកាត់មុនគេ គឺចេញពីកម្ពុជាឆ្លងចូលប្រទេសឡាវ ថៃ បន្តទៅបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ចូលតំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងរហូតដល់ទ្វីបអឺរ៉ុប។ ទៅដល់អឺរ៉ុប យុវជនរូបនេះរំពឹងថា នឹងអាចជិះបានច្រើនប្រទេស ពិសេសគោល ដៅទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

​ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន មុនកម្មវិធីជិះកង់នៅមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធិ លើកឡើងដូច្នេះថា៖« ខ្ញុំគ្រាន់តែជាយុវជនខ្មែរម្នាក់ដែលស្រឡាញ់ការធ្វើដំណើរមានក្ដីស្រមៃ ហើយតំណាង ឱ្យយុវជនខ្មែរ បានដាក់ទង់ជាតិកម្ពុជាធ្វើដំណើរទៅកន្លែងជាច្រើន ហើយកន្លងទៅ មានការគាំទ្រពីសំណាក់ប្រជាជាតិ អាស៊ានយើង ហើយឆ្នាំនេះខ្ញុំនៅតែមានមោទនភាព ដែលតំណាង ឱ្យយុវជនខ្មែរ នាំទង់ជាតិខ្មែរ ឆ្លងកាត់ប្រទេសជាច្រើន ហើយបង្ហាញឱ្យគេឃើញពីភាពខ្លាំងរបស់យើង ឱ្យគេឃើញពីភាពអស្ចារ្យថា យុវជនយើងគឺមានភាពខ្លាំង ហើយយកចិត្តទុកដាក់លើសង្គមទៀត»។

​ក្រៅពីនេះ លោក ទីវ តារារិទ្ធិ ក៏រំពឹងថា លោកនឹងអាចធ្វើជាគម្រូភាពដល់យុវជនផ្សេងទៀតក្នុងការបង្កើត កម្មវិធីសប្បុរសធម៌ផ្សេងៗដើម្បីជួយសង្គម។ លោកចង់ឱ្យយុវជនជឿលើឆន្ទះរបស់ខ្លួនឯង ក្នុងការធ្វើអ្វីដើម្បីបុព្វហេតុសង្គមជាតិ។

​លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតពិតជារីករាយណាស់ ដែលលោក ទីវ តារារិទ្ធិ ធ្វើសម្រាប់សង្គមជាតិ ក៏ដូចជាបានរួមចំណែករកមូលនិធិជួយព្យាបាលកុមារខ្វះខាត នៅប្រទេសកម្ពុជា។ លោកបន្ថែមថា កិច្ចការងារដែលលោក ទីវ តារារិទ្ធិ កំពុងធ្វើនេះ ក៏កំពុងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ខ្មែរក្នុងការគាំទ្រកម្មវិធីសប្បុរសធម៌ និងជាការផ្តួចផ្តើមជួយមន្ទីរពេទ្យ២ដែលកំពុងជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ នោះគឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ក្រៅពីនេះ លោក ងួនច័ន្ទភក្រ្តា យល់ថា គំរូវីរភាពរបស់លោក ទីវ តារារិទ្ធិ ក៏កំពុងផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពរបស់ ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ តាមរយៈការជិះកង់កាត់តាមប្រទេសជាច្រើន។

​លោក ងួន ច័ន្ទភាក្រ្តា លើកឡើងដូច្នេះ៖ « នេះជាលើកទី២ដែលជាបេសកម្មវែងឆ្ងាយ និងការលះបង់ខ្លាំង និងរំពឹងថា លោក ទីវ តារារិទ្ធិ នឹងរៃអង្គាសបានថវិកាច្រើន ដើម្បីជួយកុមារកម្ពុជា ហើយស្របពេលមន្ទីរពេទ្យកុមារអង្គរប្រារព្ធខួប២៥ឆ្នាំផង ដែលគាត់ចង់ចូលរួមអបអរខួបនេះដែរ ដើម្បីបរិច្ចាគជួយមន្ទីរពេទ្យ ជួយកុមារកម្ពុជា និងសង្ឃឹមថា ថវិកាទាំងនោះនឹងរួមចំណែកជួយ កុមារ ជាច្រើនដែលកំពុងខ្វះខាត។ នេះជាការលះបង់ដ៏អស្ចារ្យមែនទែនសម្រាប់យុជន ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរលោក តារារិទ្ធិ ប្រកបដោយជោគជ័យ ហើយសុខភាពល្អ ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព ទាំងកំលុងពេលបេសកកម្ម និងត្រឡប់មកវិញ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: