ព័ត៌មានជាតិ

ត្រៀមៗ! ព្រះបរមរាជវាំង នឹងមានការអុជកាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេច ព្រះមហាក្សត្រី នៅយប់ថ្ងៃទី១៨ ខែមិថុនា

BY
Khmernote Media
June 7, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញសេចក្ដីណែនាំ​ ស្ដីពី​ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម​ សម្ដេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្ដីថ្លៃថ្នូរ​ និងសុភមង្គល​ គម្រប់ព្រះជន្ម​ ៨៨​ យាងចូល​ ៨៩​ព្រះវស្សា។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្របតាមព្រះរាជប្បវេណី ពីបុរាណ និងប្រពៃណីសាសនា។

ដើម្បីសម្តែងនូវកតញ្ញុតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ព្រះជន្ម ៨៨ យាងចូល ៨៩ ព្រះវស្សា។

ក្នុងនោះក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បង្កលក្ខណៈជូនប្រជារាស្ត្រកម្សាន្តសប្បាយ និងចាត់ចែងការអុជកាំជ្រួច នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ទិវាដ៏ឧត្តុង្គឧត្តមនេះផងដែរ ៕

ប្រភព៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ

Share This Post: