ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដារសាលារៀនគំរូ

BY
Khmernote Media
June 10, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន ៣៤៧ ត្រូវបានជ្រើស រើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដារសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះមាន សាលាមត្តេយ្យសិក្សាចំនួន៣០ សាលា បឋមសិក្សាចំនួន ១៧២ និងសាលាមធ្យមសិក្សាចំនួន ១៤៥ ហើយថាក្នុងឆ្នាំ២០២៤ ដដែលនេះដែរ ក្រសួងមានទិសដៅសម្រេចឱ្យបានសាលារៀនចំនួន ១៣០ បន្ថែមទៀត ដោយក្រសួងបាន និងកំពុងជំរុញការអនុវត្តសាលារៀនគំរូតាមគ្រប់រូបភាពដោយ ប្រើប្រាស់យន្តការ និងធនធានសរុបទាំងថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍន៍។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបែបនេះ ធ្វើឡើងនា ពិធីបើកសិក្ខាសាលាតម្រង់ទិសស្តីពី “ការអនុវត្តយន្តការគាំទ្រស្តង់ដារ សាលារៀនគំរូ ឆ្នាំ២០២៤” នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ អង្គភាពថ្នាក់កណ្តាល មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត សរុបប្រមាណ ៥៥៥នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើតឱ្យមានក្រុមការងារចុះជួយគាំទ្រដែលមានសមាសភាពចម្រុះ មានគោលបំណង ផ្តល់នូវការបំពេញបន្ថែមទៅលើគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍសាលារៀនស្របតាមស្តង់ដារទាំង៥ នៃសាលារៀនគំរូ និងសូចនាករពាក់ព័ន្ធ ដែលទាមទារឱ្យក្រុមការងារ ចុះជួយគាំទ្រត្រូវយល់ច្បាស់អំពីខ្លឹមសារនៃសូចនាករនីមួយៗ និងអាចប្រែក្លាយទៅជា សកម្មភាពកែលម្អនៅតាមសាលារៀននីមួយៗ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តស្តង់ដារសាលារៀនគំរូមានប្រសិទ្ធភាពខ្ពស់ គួរបង្កើតឱ្យមានបណ្ដាញ នាយកសាលា ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រពីឧត្តមានុវត្តន៍ ពីគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រឹះស្ថានសិក្សាត្រូវខិតខំប្រឹងប្រែង អនុវត្តន៍កម្មវិធីសិក្សាថ្មី ជាពិសេសការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែម ដើម្បីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់ ២ម៉ោងសិក្សាបន្ថែមទៀត ដោយ សកម្មភាពក្រៅម៉ោងសិក្សាត្រូវរៀបចំឱ្យស្របទៅតាមតម្រូវការក្នុងការអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ និងត្រូវផ្តោតលើកម្មវិធីអភិវឌ្ឍន៍បំណិនមូលដ្ឋាន កម្មវិធីប្រឹក្សាអាជីព និងបំណិនជីវិតមូលដ្ឋាន និងកម្មវិធីអភិវឌ្ឍន៍យុវជនជាដើម។

សូមជម្រាបជូនថា នៅក្នុងជំហានដំបូងនៃការអនុវត្តស្តង់ដារសាលារៀនគំរូ ក្រសួងអប់រំ យុវជន និងកីឡាបានចេញប្រកាសដាក់ឱ្យអនុវត្តន៍ស្តង់ដារ សាលាមត្តេយ្យសិក្សាគំរូ សាលាបឋមសិក្សាគំរូ និងសាលាមធ្យមសិក្សាគំរូ ព្រមទាំងបានរៀបចំយន្តការគាំទ្រ និងអនុវត្តន៍ស្តង់ដារសាលារៀនគំរូ ដើម្បីធានា បានការអនុវត្តមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដោយនៅក្នុងសន្និបាតអប់រំ ឆ្នាំ២០២៤កន្លងទៅ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការវាយតម្លៃ និងទទួលស្គាល់ជ័យលាភីសាលារៀនគំរូចំនួន ១២០ ខណៈក្រសួងនៅតែលើកទឹកចិត្តឱ្យ សាលារៀនដទៃទៀតបន្តធ្វើការកែលម្អ និងអនុវត្តន៍ឱ្យបានពេញលេញនូវស្តង់ដារ សាលារៀនគំរូនៅឆ្នាំបន្តបន្ទាប់ទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: