អភិបាលខេត្តកំពង់ធំ នាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខកុមារីឈ្មោះ អ៊ីន សុភ័ក្រ ក្នុងករណីលិចទូកដរ នៅស្រុកប្រាសាទសំបូរ
- June 10, 2024
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងក្រុមការងារ ថ្នាក់ខេត្ត នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២៤បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ ក្នុងករណី លិចទូកដរ នៅតាមស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ បានថ្លែនូវការសោកស្ដាយអាឡោះ អាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូកកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសសូមឱ្យដួងវិញ្ញាណក្ខន្ធសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ ក្រុមគ្រួសារសពឱ្យខំកាត់ចិត្តទប់អារម្មណ៍ ហើយថែរក្សាសុខភាពឱ្យល្អរឹងមាំ។សូមឱ្យក្មួយៗជាសិស្សានុសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់ អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ចំណែក អ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវ ពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើ ដំណើរនៅលើទូកដរបស់ខ្លួន។
សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ ត្រើយម្ខាងទៀតនៅឃុំស្រើងស្រុកប្រាសាទ សំបូរបានលិចទូកបណ្តាលឱ្យរងគ្រោះសិស្សចំនួន១៥នាក់ ស្រី១០នាក់ និងម្ចាស់ ទូក០១នាក់ជាស្រ្តី ក្នុងនោះជួយសង្គ្រោះបានចំនួន១៤នាក់ ស្រី០៩នាក់ ហើយបាន បាត់ជីវិតចំនួន០១នាក់ ភេទស្រី។
ចំពោះប្រាក់ឧបត្ថម្ភដល់គ្រួសារសពរួមមាន៖ ១-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកាចំនួន២០លានរៀល។ ២-ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន១លានរៀល។ ៣-ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ខានខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន១លានរៀល។ ៤-ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសហការីឧបត្ថម្ភថវិកាចំនួន ១លាន៣៥ម៉ឺនរៀល និង៥-លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាឧបត្ថម្ភថវិកាចំនួន២លានរៀល៕


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






