ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! នៅតាមតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយ:ពេល២ថ្ងៃ ជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់

BY
Khmernote Media
June 10, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់ សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូកគោ និងតំបន់ជួរភ្នំក្រវាញ បានបង្កភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយ:ពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ ជាមួយ គ្នានេះ បាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន។

រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: