ទូកកម្សាន្តនៅបារាយណ៍នាគព័ន្ធដំណើរការ ខណៈសហគមន៍អំពាវនាវ សូមការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ
- June 10, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទូកកម្សាន្តនៅបារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ នៃខេត្តសៀមរាប បានដំណើរការបន្ទាប់ពីគម្រោងបង្កើតទូកកម្សាន្តផ្តួចផ្តើមរៀបចំដោយអាជ្ញាធរជាតិអប្សរា ខកខានជាច្រើនឆ្នាំដោយសារជំងឺកូវីដ១៩រាតត្បាត។ ជាមួយនឹងដំណើរការសន្សឹមៗសហគមន៍អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជួយគាំទ្រមកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍។

ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះសហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍បានដាក់ឱ្យដំណើរការបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធជាថ្មី។ កញ្ចប់ទេសចរនេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។
លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូករបស់សហគមន៍បារាយណ៍ជយតដាក ត្រូវបានស្រង់សម្ដីដោយអាជ្ញាធរជាតិអប្សរាមកបញ្ជាក់ថា តាមរយៈសេវាទូកកម្សាន្តភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ក្នុងសហគមន៍ផង។
អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ ជាពិសេសជនពិការដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ។
គប្បីជម្រាបថា អាជ្ញាធរជាតិអប្សរាបានរៀបចំបង្កើតសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។
អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។
អាជ្ញាធរជាតិអប្សរាបានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែគម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរបានជិះទូកនៅក្នុងបារាយណ៍ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរនិងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។
សហគមន៍ ក៏ដូចជាអាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមចូលរួមជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ។
សូមជម្រាបថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ ។
សូមជម្រាបថា ឈ្មោះដើមនៃបារាយណ៍នាគព័ន្ធ គឺជ័យតដាកឬហៅម្យ៉ាងទៀតថា បារាយណ៍ខាងជើង។ បារាយណ៍នេះ ជាបឹងសិប្បនិមិ្មត ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ។ បារាយណ៍នាគព័ន្ធ មានបណ្តោយ ៣ ៦០០ម៉ែត្រ, ទទឹង ៩៣០ម៉ែត្រ ហើយដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្សក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅព្រះខ័ន ដែលជាប្រាសាទមួយទៀតសង់ដោយព្រះបាទជ័យវរ្ម័នទី៧ដែរ។
យោងតាមសៀវភៅ «អាថ៌កំបាំងនៃអង្គរភាគ២» របស់អង្គការស៊ីប៉ា នៅសម័យក្រោយមក ព្រះមហាក្សត្រខ្មែរបានផ្លាស់ប្តូររាជធានីពីអង្គរទៅតាំងនៅភាគខាងត្បូងនៃព្រះនគរ។ កត្តានេះ ទើបធ្វើឲ្យមានកង្វះការថែទាំ ហើយបារាយណ៍នាគព័ន្ធក៏រីងស្ងួត។ ក្រោយមក ក៏មានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំក្រុមបច្ចេកទេស ដើម្បីសិក្សាពីលទ្ធភាពនៃការបញ្ចូលទឹកជាថ្មីនៅក្នុងបារាយណ៍នាគព័ន្ធ។
យោងតាមឯកសាររបស់លោក ហង់ ពៅ អគ្គនាយករង និងជាប្រធាននាយកដ្នានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អ្នកស្រាវជ្រាវមួយចំនួនមិនធ្លាប់គិតទេថា គេនឹងអាចធ្វើឲ្យបារាយណ៍នាគព័ន្ធមានទឹកឡើងវិញ។ តាមឯកសាររបស់លោក ហង់ ពៅ បារាយណ៍នាគព័ន្ធបានគោករីងទឹកអស់រយៈកាលជាង៥០០ឆ្នាំមកហើយ។
នៅឆ្នាំ២០០៧ អ្នកស្រាវជ្រាវខ្មែរបានជួសជុលប្រព័ន្ធបង្ហូរទឹក ដែលបានរកឃើញកាលពីឆ្នាំ២០០៥ ហើយបារាយណ៍នាគព័ន្ធក៏ចាប់ផ្តើមមានទឹកឡើងវិញនៅឆ្នាំ២០០៨។ ក្នុងបង្ហូរទឹកជាលើកដំបូង គឺធ្វើឡើងជាច្រើនដំណាក់កាល។ ឆ្នាំ២០០៨ បង្ហូរទឹកចូល ក្នុងបរិមាណ ៧សែនម៉ែត្រគូប, ឆ្នាំ២០០៩ ៣លានម៉ែត្រគូប ,ឆ្នាំ២០១០ ៣,៦៧៨,០០០ ម៉ែត្រគូប និងឆ្នាំ២០១១-២០១២ បរិមាណទឹក ៥លានម៉ែត្រគូប ។
ការជួសជុល និងស្តារបារាយណ៍នាគព័ន្ធ គឺធ្វើឡើងតាមបច្ចេកទេសបុរាណ ដោយមានការចាក់ដីជាស្រទាប់ ចំនួន២០សង់ទីម្រ៉ែ រួចបុកបង្ហាប់ឲ្យហាប់ណែន ហើយបន្តរហូតដល់ភ្ជិតរង្វះទាំង៣ តាមទំនប់មាត់បារាយណ៍ខាងត្បូង ដែលជាកន្លែងកាត់ផ្តាច់ដោយមនុស្ស៕




















ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






