ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ណែនាំដល់មន្ត្រីក្រោមឱវាទ បន្តធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ

BY
Khmernote Media
June 11, 2024

ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជម្រុញអោយក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤ បន្តយកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយសេចក្តីស្មោះត្រង់ជាទីបំផុត។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯឧត្តម អភិបាលខេត្ត បានណែនាំឲ្យបន្តធ្វើវេទិការសាធារណៈ ដើម្បីក្តាប់ឱ្យបាននូវទុកកង្វល់ សំណូមពរ និងសំណើរផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាលលុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តក្រុងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។

ឯកឧត្តមបានថ្លែងបន្តថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: