ព័ត៌មានជាតិ

ទីបំផុត! បញ្ហារវាងឯកឧត្តម ខូវ ឆាយ និងកីឡាករ ដាវ លីឌុច ត្រូវបានដោះស្រាយបញ្ចប់ និងរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរ

BY
Khmernote Media
June 11, 2024

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានឱ្យដឹងថា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយ រវាងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច បន្ទាប់ពីមានបញ្ហាពាក្យសំដីគ្នាទៅវិញទៅមក លើបណ្ដាញសង្គម ពេលនេះ​ត្រូវបានដោះស្រាយបញ្ចប់ និងរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរ។

តាមរយៈខ្លឹមសារសំណេរបង្ហោះរបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបាទបានមកចូលរួមកិច្ចប្រជុំមួយ ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ថោង ខុន ឯកឧត្តម វ៉ាត់ ចំរើន ឯកឧត្តម ខូវ ឆាយ រួមទាំងខ្ញុំបាទដើម្បីដោះស្រាយសម្របសម្រួលពាក់ព័ន្ធទៅកីឡាករ ដាវ លីឌុច អោយមានភាពល្អប្រសើរឡើងវិញ ហើយរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរ ហើយក៏បានចង្អុលបង្ហាញ ដាវ លីឌុច អោយយល់ដឹងអំពីការរស់នៅ ច្បាប់ទម្លាប់ប្រទេស ដើរលើមាគ៌ារួមគ្នា ជួយផ្សព្វផ្សាយគុនខ្មែរដោយពិតប្រាកដហើយចេញពីចិត្ត។»

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ឯកឧត្តម ថោង ខុន បានលើកឡើងព្រមទាំង បានឯកភាពបន្ថែមថា យើងបានឯកភាពគ្នា ហើយធ្វើការអភិវឌ្ឍគុនខ្មែរទាំងអស់គ្នាដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដូចនេះ ដាវ លីឌុច និងសហព័ន្ធត្រៀមសហការគ្នា និងចាប់ដៃគ្នាធ្វើការរួមគ្នាដោយគោរពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ជូនបងប្អូនថាចាប់ពីពេលនេះតទៅ រឿងរ៉ាវចាស់ៗគឺត្រូវបានដោះស្រាយ ហើយបញ្ចប់ជាស្ថាពរ គិតរឿងល្អសំរាប់គុនខ្មែរ» ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: