ព្រះមហាក្សត្រថៃដកហូតគ្រឿងឥស្សរិយាភរណៈពីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកហូតគ្រឿងឥស្សរិយាភរណៈ ដែលធ្លាប់បានប្រគល់ឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលើកឡើងពីភាពពុករលួយ និងការហោះហើរ «មិនសមរម្យ» ពោលគឺលួចចេញពីប្រទេសរបស់គាត់។ សេចក្តីប្រកាសរបស់ព្រះមហាក្សត្របានចេញកាលពីថ្ងៃសៅរ៍នេះ ភ្លាមៗបន្ទាប់ពីប្រទេសថៃបានធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធានៅ ឆ្នាំ២០១៤ ។

គណបក្សភឿថៃជាគណបក្សនយោបាយមួយដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ពេលនេះកំពុងរង្គោះរង្គើជាមួយគណបក្ស Phalang Pracharat ដែលគាំទ្រដោយយោធាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ យ៉ាងណាក៏ដោយក្រុមមន្រ្តីមិនទាន់បានចេញផ្សាយលទ្ធផលពេញលេញនៃការបោះឆ្នោតនៅឡើយទេ ខណៈដែលលោក ថាក់ស៊ីន បានហៅការបោះឆ្នោតនេះថាជា «ការក្លែងបន្លំ»។ សេចក្តីបង្គាប់របស់ព្រះមហាក្សត្រថៃកាលពីថ្ងៃសៅរ៍មានខ្លឹមសារថា ថាក់ស៊ីន ត្រូវបានគេដកហូតនូវ «ឥស្សរិយាភរណៈ Chula Chom Klao» ដែលជាធម្មតាជាអំណោយដល់អ្នកដឹកនាំប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ aljazeera