ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័ន ឬអង្គភាពនានា ប្រើប្រាស់ធនធានមនុស្ស ឱ្យត្រូវតាមរចនាសម្ព័ន្ធ ដែលបានកំណត់

    BY Khmernote Media June 12, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័ន ឬអង្គភាពនានា ប្រើប្រាស់ធនធានមនុស្ស ឱ្យត្រូវតាមរចនាសម្ព័ន្ធ ដែលបានកំណត់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

    នៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានណែនាំឱ្យស្ថាប័ន ឬអង្កភាពនានា ប្រើប្រាស់ធនធានមនុស្ស ឱ្យត្រូវទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះត្រូវកំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានក្នុងការភ្ជាប់ការអនុវត្តជាមួយមុខងាររបស់អង្គភាព ដែលកិច្ចការនេះនឹងផ្តល់ជាមូលដ្ឋានឈានទៅបន្តការពិនិត្យមើលស្ថានភាពលើស ឬ ខ្វះមន្រ្តី ការរៀបចំផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្រ្តី ការរៀបចំផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋានគិតគូរអំពីលទ្ធភាពរៀបចំផែនការចូលនិវត្តន៍មុនកាលកំណត់ផងដែរ។

    ឆ្លៀតនាឱកាសនេះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនសម្រាប់ជាទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖

    ១.ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួលការងារអនុវត្តផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការចូលរួមសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

    ២.ត្រូវបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការសម្រាប់ផែនការក្របខណ្ឌដែលបានអនុម័តក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀបចំឱ្យមានផែនការប្រឡងប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីខែកុម្ភៈឆ្នាំ២០២៤កន្លងមក។

    ៣.ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីបច្ចេកទេសសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បីមានមូលដ្ឋានក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋានសម្រាប់ការគិតគូរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុងវិស័យគន្លឹះដទៃផ្សេងទៀត។

    ៤.ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីក្រសួង-ស្ថាប័ន និងមន្រ្តីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និងវិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយក្នុងនោះត្រូវ៖

    – មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និងអង្គភាពរបស់ក្រសួង

    – ការរៀបចំរចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែលអាចធានាបាននូវប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នានៅក្នុងដំណើរការក្នុងក្របខណ្ឌការងាររបស់ក្រសួងនីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាពប្រទាក់ក្រឡាគ្នានេះអាចធានាបាននូវផលវិជ្ជមានប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ និងការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះត្រូវកំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានក្នុងការភ្ជាប់ការអនុវត្តជាមួយមុខងាររបស់អង្គភាព ដែលកិច្ចការនេះនឹងផ្តល់ជាមូលដ្ឋានឈានទៅបន្តការពិនិត្យមើលស្ថានភាពលើស ឬ ខ្វះមន្រ្តី ការរៀបចំផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្រ្តី ការរៀបចំផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋានគិតគូរអំពីលទ្ធភាពរៀបចំផែនការចូលនិវត្តន៍មុនកាលកំណត់ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay