អបអរសាទរ! ខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល «ODF»
- June 13, 2024
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ពិធីអបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោអធិបតីភាព ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រតិភូអមដំណើរលោក លោកស្រីអភិបាលរងរាជធានី-ខេត្តទាំង២៥ នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា លោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា អង្គការសមាគម មេឃុំ ចៅសង្កាត់ យុវជន និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុង ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹក ជញ្ជូនផ្លូវទឹកកម្ពុជា ដែលការណ៍នេះបង្ហាញឱ្យឃើញពី «ការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា»។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានគ្រឹះកសាងសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជ័យលាភីថ្ងៃនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គីភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។
ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ។ ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន៧ ដែលសម្រេចបានជាខេត្ត ODF រួមមានដូចជា ខេត្តស្វាយរៀង ព្រៃវែង ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុនេះ ជាខេត្តទី៧ ដែលសម្រេចបាននៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ក្នុងនាមក្រសួងអភិវឌ្ឍជនបទ សូមថ្លែងអំណគុណឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីប្រកាសខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពិសេសការកែលម្អលក្ខខណ្ឌការរស់នៅតាមរយការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកមិនមានសុវត្ថិភាព មកផឹកទឹកស្អាតមានអនាម័យ ជួយទ្រទ្រង់ដល់សុខភាពការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងការរស់នៅតាមរបៀបស៊ីវីល័យ។
ជាពិសេសបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់៩០ភាគរយ នៅឆ្នាំ២០២៣ និង១០០ភាគរយនៅឆ្នាំ២០៣០ សំដៅឆ្លើយទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។ ក្រោមម្លប់នៃសុខសន្តិភាពដែលយើងរកបានដោយកម្រ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់អំពីសុខភាព និងអនាម័យ តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវាសុខភាពចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការគ្រប់គ្រងទឹកស្អាត៕












ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
- Share This Post:






