ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់សប្បុរសជន បន្តចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

BY
Khmernote Media
June 13, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ឧសភាកន្លងទៅនេះ។

លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ៨ និង០០ នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៤៤ម៉ឺនដុល្លារ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទីនេះផងដែរ បានផ្ញើសារ ថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ” របស់ប្រជាជាតិកម្ពុជាទាំងមូល។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដល់បងប្អូនសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាព កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា​ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។

សូមបញ្ជាក់ជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: