ព័ត៌មានជាតិ

កម្លាំងនគរបាល បង្រ្កាបបានសាច់បង្កកគ្មានសុវត្ថិភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់នាំចូលពីប្រទេសជិតខាងសរុប ២២០០គីឡូក្រាម ក្នុងខណ្ឌប្ញស្សីកែវ

BY
Khmernote Media
June 14, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្រ្កាបផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា៖ សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កទាំងនេះមន្រ្តីជំនាញពិនិត្យ គឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌ តម្រូវម្ហូបអាហារ។ សាច់បង្កកខាងលើនៅថ្ងៃដដែលកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឱ្យមន្រ្តី (កបប) រាជធានីភ្នំពេញ បានយកទៅដុតកម្ទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ (កបប) នាំយកទៅសួរនាំតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: