ស្រូវវស្សាជាង ៧០០០ហិកតា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានជួយសង្គ្រោះ
- June 14, 2024
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រូវវស្សាជាង៧០០០ហិកតា ដែលស្ថិតនៅប៉ែកខាងក្រោមអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជួបបញ្ហាខ្វះទឹកកំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមនឹងអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍បើកទ្វារទឹកអាងត្រពាំងថ្មជួយសង្គ្រោះបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹកបានអន្តរាគមន៍បើកទ្វារទឹកសង្រ្គោះស្រូវបង្កើនរដូវវស្សានេះ បានចំនួន ៣២០០ហិកតាលើស្រូវចំនួនជាង៧០០០ហិកតា ដែលយើងកំពុងប្រើឱ្យអស់លទ្ធភាពជួយដើម្បសង្គ្រោះឱ្យបានទាន់ពេលវេលានោះ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ការចុះជួយសង្គ្រោះដំណាំស្រូវដែលកំពុងជួបបញ្ហាខ្វះទឹកនេះ គឺទទួលបានបទបញ្ជាពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយលោកបានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ រួមសហការជាមួយក្រុមប្រឹក្សាឃុំប៉ោយចារ និងសហគមន៍កសិករប្រើប្រាស់ទឹក បានបន្តចុះពិនិត្យលើការងារអន្តរាគមន៍បើកទ្វារទឹកអាងត្រពាំងថ្ម ដើម្បីសង្រ្គោះស្រូវ បង្កើនរដូវវស្សារបស់ប្រជាកសិករដែលខ្វះខាតទឹកនៅប៉ែកខាងក្រោមអាងនេះមានក្នុងឃុំប៉ោយចារ ឃុំពន្លៃ និងឃុំស្រះជីក ស្រុកភ្នំស្រុក ចំនួន៧០០០ហិកតានេះ។
ជាមួយគ្នានេះដែរ លោកប្រធានបានឱ្យដឹងថា ក្នុងការចុះអន្តរាគមន៍នេះក្រុមការងារបានបើកទ្វារទឹកចំនួន៤កន្លែង និងកម្ពស់៦តឹក រួមមាននៅទ្វារទឹកដើមពុទ្រា ទ្វារទឹកលូ១០០ ទ្វារទឹកសួង និងទ្វារទឹកកំពង់ធំ។ ការបើកទឹកអាងត្រពាំងថ្មនេះ ប្រើពេលតែមួយរយៈពេលខ្លី ដើម្បីថែរក្សាទឹកទុកក្នុងអាងដែលបច្ចុប្បន្ននេះស្ថានភាពទឹកក្នុងអាងត្រពាំងថ្មនៅសល់ប្រមាណតែ៣០លានម៉ែត្រគូបប៉ុណ្ណោះ ដែលជាបរិមាណតិចតួចសម្រាប់ទុកប្រើប្រាស់ឱ្យគ្រប់គ្រាន់ និងសម្រាប់ចិញ្ចឹមដល់ជីវៈចម្រុះក្នុងអាងនេះឱ្យនៅបានគង់វង្សនោះ។ ចំពោះតំបន់ដែលទឹកមិនទាន់ទៅដល់មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ និងសហគមន៍កសិករប្រើប្រាស់ទឹក បានបន្តចុះតាមដាន និងបង្ហូរទឹកឱ្យដល់គោលដៅ ដើម្បីសង្គ្រោះស្រូវបន្តទៀត។
ទន្ទឹមនឹងនេះ លោកប្រធានក៏បានក្រើនរម្លឹកដល់ប្រជាកសិករសូមមេត្តាប្រើប្រាស់ទឹកដែលបានបើកបង្ហូរចែកចាយយកទៅបូមបញ្ចូលតាមស្រែដោយឱ្យមានលក្ខណៈសន្សំសំចៃខ្ពស់បំផុតកុំឱ្យទឹកហូរខ្ជះខ្ជាយឥតប្រយោជន៍ ព្រោះនេះគ្រាន់តែជាការជួយដោះស្រាយបានមួយគ្រាប៉ុណ្ណោះ ខណៈដែលពេលនេះក្នុងតំបន់នេះទឹកភ្លៀងធ្លាក់រាយប៉ាយបានតិចតួច ហើយត្រូវដោយកន្លែងទៀត។
លោកហីរី ហាំង អភិបាលរងស្រុកភ្នំស្រុក និងប្រជាកសិករម្ចាស់ស្រែ បានសម្តែងក្តីត្រេកអរនិងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋមន្ត្រីក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានជួយដោះស្រាយទឹកស្រោចស្រពដំណាំស្រូវនេះជូនប្រជាកសិករបានទាន់ពេលវេលានោះ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






