ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់ឱ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកមកដាក់ទោសទណ្ឌ
- June 15, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្ញុំសូមស្នើ ឱ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់ឱ្យបាន ចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោស ទណ្ឌទៅតាមច្បាប់។

ឯកឧត្ដមបានស្នើបែបនេះ ខណៈឯកឧត្ដមអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ចំនួន២១រូប នៅសាលាខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម បានលើកជាឧទាហរណ៍ថា ផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រៀល យកតម្លៃ៥០០ ឬ ១០០០រៀល នេះគឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងត្រូវធ្វើការរឿងនេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ការកាន់អំណាចយូរ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតាមរយៈកាលបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ មិនខុសច្បាប់ទេ។ មហិច្ចតារបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេសឱ្យ សម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិច រាជធានីភ្នំពេញ ពិសេសទឹកភ្លៀងហូរមកពពីខេត្តកំពង់ស្ពឺ តាមអនុសាសន៍របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី គឺបានដាក់ចេញនូវគោល បំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា៖ ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលខណ្ឌច្បារអំពៅបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង ៩១៣ ០០០សេវា ដោយទទួលបានថវិកាពីសេវានេះប្រមាណ ១ ៨៥៦លានរៀល ចូលជាថវិកាជាតិ និងបាន កសាងសមិទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន ដែលមានដូចជា ធ្វើសួនច្បារបាន៣សួនច្បារ ដាក់ភ្លើងបំភ្លឺសាធារណៈបានចំនួន២៦១៨គោម ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ ដាក់លូបានជាច្រើនខ្សែ ស្តារប្រឡាយ ដាំដើមឈើនៅតាមសាលារៀននិងតាមវត្តអារាម ជាមួយនិងការរៀបចំចិញ្ចើមផ្លូវផងដែរ។
លោកបន្តថា រដ្ឋបាលខណ្ឌច្បារអំពៅ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌនូវបានប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនិងការបង្ក្រាបក្មេងទំនើងផងដែរ។
សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែល ត្រូវបានប្រកាសឱ្យចូលកាន់ តំណែងនៅពេលនេះ មានសមាជិក សមាជិកាចំនួន២១រូប ក្នុងនោះលោក អ៊ុំ ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅសម្រាប់អាណត្តិទី៤នេះ៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






