ក្រសួងអប់រំ នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST ២០២៤
- June 15, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ។ ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKENTEST ២០២៤ នេះក្រោមកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យានកម្ពុជា និងមានគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ។

ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុនបានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ និងបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៤ នេះ ការប្រឡងធ្វើឡើងដើម្បី ទី១. ផ្ដល់ឱកាសឱ្យសិស្សដែលមានបំណងចង់ចូលរួមក្នុងការវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា អាចចូលរួមនៅក្នុងការធ្វើតេស្ដដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនបាន ហើយកម្មវិធី គឺបើកចំហសម្រាប់ទាំងសិស្សានុសិស្ស ក៏ដូចជាជាសាធារណៈជនទូទៅផងដែរ។ និងទី២. លទ្ធផលដែលទទួលបានពីការធ្វើតេស្តនេះ ក៏សម្រាប់ជាមូលដ្ឋានសម្រាប់អ្នកធ្វើគោលនយោបាយនៅក្នុងការពិនិត្យនិងធ្វើការកែលម្អជាប្រចាំទាំងនៅក្នុងការរៀននិងបង្រៀនមុខវិជ្ជាគណិតវិទ្យាក៏ដូចជាការរៀបចំគោល នយោបាយកម្មវិធីសិក្សានៅក្នុងពេលបន្តបន្ទាប់ផងដែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សម្រាប់សិស្សានុសិស្សចូលរួមប្រឡងកន្លងមកមានប្រមាណចន្លោះពី ៣រយ ទៅ៤រយនាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងមកនេះ អ្នកចូលរួមកើនឡើងរហូតដល់ប្រមាណជាងមួយពាន់នាក់ដែលភាគច្រើន គឺសិស្សពីកម្រិតបឋមសិក្សាថ្នាក់ទី៤ ដល់ថ្នាក់ទី៦។
ទាក់ទងនឹងការប្រឡងនេះដែរ សម្រាប់បេក្ខជនជ័យលាភីរង្វាន់ដែលទទួលបាន រួមមាន វិញ្ញាបនបត្របញ្ជាក់លទ្ធផលនៃការប្រឡង ចេញដោយវិទ្យាស្ថានបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន, មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ សម្រាប់គ្រប់កម្រិតថ្នាក់ ចំពោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបន្តបន្ទាប់។ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមប្រឡង នៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/beqORskBzzfwUqUz ចាប់ពីពេលផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ជាកំណត់៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






