ព័ត៌មានជាតិ

នៅសល់១៥ថ្ងៃទៀត! យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រូវបិទបញ្ចប់

BY
Khmernote Media
June 15, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅសល់ ១៥ ថ្ងៃទៀត។ ដូច្នេះសូមបន្តចូលរួម យុទ្ធនាការនេះ ទាំងអស់គ្នា ដើម្បីរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ការបរិច្ចាគរបស់អ្នកពិតជាមានតម្លៃណាស់សម្រាប់ការសង្រ្គោះជីវិតទារកនិងកុមារនៅកម្ពុជា។

សូមជម្រាបជូនថា គិតត្រឹមម៉ោង ៨៖០០ នាទីព្រឹក នៅថ្ងៃទី១៤ ខែមិថុនាម្សិលមិញនេះ សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ

គួររំលឹកផងដែរថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ដូច្នេះសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូបខាងក្រោម ។

ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកជំទាវបណ្ឌិត បានលើកឡើងថា “ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប”។

សូមចូលរួមបរិច្ចាគដើម្បីកុមារនៅកម្ពុជាតាមរយៈតំណនេះ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay ឬស្កែន QR Code ដើម្បីបរិច្ចាគ ៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation

Share This Post: