“រេវ៉ា” គឺជាឈ្មោះរជ្ជកាលថ្មីនៃព្រះចៅអធិរាជជប៉ុន
នៅក្នុងពេលវេលាមួយដែលប្រជារាស្ត្រកំពុងរង់ចាំនូវការបើកទំព័ររជ្ជកាលថ្មី នៅក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុន លោក Yoshihide Suga ប្រធានខុទ្ទកាល័យរដ្ឋមន្ត្រីបានប្រកាសកាលពីប៉ុន្មានម៉ោងមុនថា ជម្រើសចុងក្រោយនៃការដាក់ឈ្មោះយុគសម័យថ្មី របស់អធិរាជថ្មីរបស់ជប៉ុនមានឈ្មោះថា «រេវ៉ា» ។ លោក Yoshihide Suga ដែលបានបង្ហាញផ្ទាំងបដាឈ្មោះរជ្ជកាលថ្មីជាអក្សរកាន់ជិបានឱ្យដឹងថា ឈ្មោះនេះត្រូវបានបង្កើតឡើងដោយផ្អែកលើកំណាព្យ «Manyoshu» ដែលចាស់បំផុតរបស់ជប៉ុន។ តួអក្សរទីមួយតំណាងឱ្យ «សំណាងល្អ» ខណៈដែលទីពីរអាចត្រូវបានបកប្រែជា «សន្តិភាព» ឬ «ភាពសុខដុមរមនា»។

នេះគឺជាលើកទីមួយហើយដែលតួអក្សរនៃរជ្ជកាលថ្មី ត្រូវបានជ្រើសយកចេញពីអក្សរសិល្ប៍បុរាណជប៉ុន។ ឈ្មោះសម័យកាលមុនៗបានប្រើអក្សរកាន់ជិពីអក្សរសិល្ប៍ចិន។ រជ្ជកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៩ ចំពេលដែលព្រះរាជទាយាទ Naruhito ឡើងសោយរាជ្យបល្ល័ង្ក Chrysanthemum បន្ទាប់ពីការដាក់រាជ្យរបស់ព្រះបិតារបស់ព្រះអង្គ ព្រះចៅអធិរាជ Akihito។ ការមកដល់របស់ «រេវ៉ា» នឹងបញ្ចប់នូវរជ្ជកាលចាស់ Heisei ដែលមានអាយុកាល ៣០ឆ្នាំ មកហើយ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៨៩ ៕


អត្ថបទ៖ លីដា
ប្រភព៖ japantimes