ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សប្តាហ៍ទី១ នៃការជិះកង់របស់លោក ទីវ តារារិទ្ធិ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៨.០០០ដុល្លារអាម៉េរិក

    BY Khmernote Media June 18, 2024
    សប្តាហ៍ទី១ នៃការជិះកង់របស់លោក ទីវ តារារិទ្ធិ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៨.០០០ដុល្លារអាម៉េរិក

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី១ ក្រោមកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ អ្នកនិយមការជិះកង់ផ្សងព្រេង លោក ទីវ តារារិទ្ធិ កំពុងតែធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ ដោយបាននិយាយរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា សប្តាហ៍ទី១ នៃបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជានាពេលនេះ លោកបានធ្វើដំណើរមកដល់ខេត្តសុវណ្ណាកេត ប្រទេសឡាវ និងនៅសល់ប្រហែលជា៤៥០គីឡូម៉ែត្រទៀត លោកនឹងទៅដល់រដ្ឋធានីវៀងចន្ទន៍ ដោយគិតត្រឹមដំណើររបស់លោកនៅលើទឹកដីឡាវនេះ លោកទទួលបានថវិកាសប្បុរសធម៌ប្រមាណជិត ៨.០០០ដុល្លារអាម៉េរិក ដែលនេះគឺជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នាំឱ្យលោកមានអារម្មណ៍ត្រេកអរ និងបានថ្លែងអំណរគុណជាខ្លាំងដល់សប្បុរសជនទាំងអស់ដែលបានផ្តល់ជាកម្លាំងចិត្ត ដោយបានចូលរួមបរិច្ចាគថវិកាមកជួយកុមារកម្ពុជា តាមរយៈការជិះកង់ដើម្បីកុមារកម្ពុជានាពេលនេះ។

    ការជិះកង់ពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ គឺជាការជិះកង់លើកដំបូងរបស់លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយការជិះកង់រៃអង្គាសថវិការបស់លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុបនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅវេលាម៉ោង ៦៖០០នាទីព្រឹក។

    លោក ទីវ តារារិទ្ធិ ថា លោកនឹងត្រូវចំណាយពេលប្រហែលជា១ឆ្នាំ សម្រាប់ការជិះកង់លើកនេះ ដោយក្រោយពេលចាកចេញពីកម្ពុជាដំណើររបស់លោកត្រូវឆ្លងកាត់មុនគេគឺប្រទេសឡាវ រួចបន្តចូលទៅប្រទេសថៃ និងបណ្តាប្រទេសជាច្រើនទៀតនៅអាស៊ី មុននឹងទៅបញ្ចប់នៅប្រទេសតួកគី ដែលជាប្រទេសចុងក្រោយគេនៅអាស៊ី រួចទើបឆ្លងចូលទៅទ្វីបអឺរ៉ុប ដែលនៅអឺរ៉ុបនេះហើយ លោកនឹងធ្វើដំណើរជាង២៥ប្រទេស ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ តាមគម្រោងឱ្យបាន ២៥ម៉ឺនដុល្លារអាម៉េរិក។

    សម្រាប់លោក ទីវ តារារិទ្ធិ នេះគឺជាបេសកកម្មដ៏យូរ និងដ៏សែនឆ្ងាយ ក្នុងចម្ងាយផ្លូវរហូតដល់ទៅជាង ២០.០០០គីឡូម៉ែត្រ តែដោយសារលោកជាអ្នកចូលចិត្តធ្វើដំណើរដោយផ្សងព្រេងស្រាប់ និងជាអ្នកដែលចង់ចូលរួមក្នុងការសង្គ្រោះជីវិតកុមារកម្ពុជាផងនោះ លោកក៏បានសម្រេចចិត្តធ្វើរឿងមួយនេះឡើងជាថ្មីម្តងទៀត ក្រោយពីលោកធ្លាប់បានធ្វើម្ដងរួចមកហើយកាលពីពាក់កណ្ដាលឆ្នាំ២០២៣ ដោយបានជិះកង់ជុំវិញតំបន់អាស៊ាន ដែលកាលនោះលោកបានជិះឆ្លងកាត់ប្រទេសវៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង០៣ខែ លើចម្ងាយផ្លូវ ៩.៧៥០គីឡូម៉ែត្រ រៃអង្គាសបានថវិកា ៥៦.២៥៧ដុល្លារអាម៉េរិកយកមកជួយដល់មន្ទីរពេទ្យកុមារអង្គរ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay