ថ្មីតែម្តង! គ្រូមត្តេយ្យម្នាក់បំពុលកូនសិស្ស ២៣នាក់ ដោយសារចង់សងសឹកមិត្តរួមការងារខ្លួន
យោងតាមកាសែត Harian Metro បានឱ្យដឹងថា កូនសិស្សមត្តេយ្យចំនួន ២៣នាក់ នៅខេត្តហឺណាន ប្រទេសចិន ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគ្រូរបស់ពួកគេបានបំពុលពួកគេ ដោយដាក់ថ្នាំបំពុលចូលទៅក្នុងបបរ។ គ្រូបង្រៀនម្នាក់នោះមានឈ្មោះថា Wang និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីមានការស៊ើបអង្កេតពីប៉ូលិស។

អាជ្ញាធរបាននិយាយថា សិស្សដែលរងផលប៉ះពាល់ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមក្អួត និងបាត់បង់ស្មារតីភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលព្រឹក (បបរ) ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ យ៉ាងណាមិញកុមាររងគ្រោះម្នាក់ កំពុងស្ថិតក្នុងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយរូបគេរងការពុលអាហារធ្ងន់ធ្ងរ ខណៈ ៧នាក់ ផ្សេងកំពុងនៅបន្តសម្រាក ហើយផ្សេងៗទៀតបានធូរ និងត្រឡប់ទៅផ្ទះវិញ។ ចំពោះមូលហេតុនៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែបើយោងតាម Daily Mail បានឱ្យដឹងថា គ្រូមត្តេយ្យម្នាក់នោះ ចង់សងសឹកមិត្តរួមការងាររបស់ខ្លួនម្នាក់៕




អត្ថបទ៖ លីដា
ប្រភព៖ dailymail