ឆ្កែពូជ Akita មួយក្បាលបានទទួលរង្វាន់កិត្តិយស ដោយសារវាបានជួយស្រ្តីវ័យ ៩០ឆ្នាំ ម្នាក់ឱ្យរួចជីវិត
កាលពីថ្ងៃចន្ទ ទី ០១ ខែមេសា មន្ត្រីប៉ូលីសបានផ្តល់រង្វាន់កិត្តិយសដល់ឆ្កែពូជ Akita និងម្ចាស់របស់វា ដោយសារឆ្កែមួយក្បាលនោះបានជួយសង្គ្រោះស្ត្រីវ័យចំណាស់ម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់។ ឆ្កែពូជ Akita នេះត្រូបានគេឱ្យដឹងថា មានឈ្មោះ Mame មានអាយុ ១២ឆ្នាំ ចំណែកស្រ្តីជាម្ចាស់មានឈ្មោះថា Megumi Takeuchi អាយុ ៥៧ឆ្នាំ។

នៅថ្ងៃកើតហេតុម្ចាស់របស់ Mame បាននាំគេចេញក្រៅនៅម្តុំភាគខាងជើងប្រទេសជប៉ុន ខណៈពេលនោះ Mame បានឃើញស្ត្រីម្នាក់អាយុប្រហែល ៩០ឆ្នាំ ស្លៀកខោអាវដេកយប់ បានសន្លប់នៅនឹងផ្លូវម្ខាងទៀត ហើយ Mame ក៏បានឱ្យដំណឹងមកម្ចាស់វាភ្លាម។ ស្ត្រីចំណាស់ដែលបានសន្លប់នោះត្រូវបានគេឱ្យដឹងថា គាត់មានបញ្ហា និងសូម្បីតែឈ្មោះរបស់ខ្លួនឯងក៏គាត់មិនចាំផង ហើយក្រោយមកគាត់ក៏ត្រូវបានពួកគេបញ្ជូនមកមន្ទីរពេទ្យ។ យ៉ាងណាមិញ Mame និងម្ចាស់របស់វាពេលនេះបានទទួលរង្វាន់កិត្តិយស និងការកោតសរសើរពីមន្ត្រីជប៉ុននូវទឹកចិត្ត និងភាពស្មោះត្រង់របស់វា៕


អត្ថបទ៖ លីដា
ប្រភព៖ kyodonews