សាកសពត្រីបាឡែនមួយក្បាលត្រូវបានគេប្រទះឃើញ ខណៈក្នុងពោះវាសុទ្ធតែសំរាមទម្ងន់ ២២ គីឡូក្រាម
សាកសពត្រីបាឡែនពោះធំមួយក្បាលត្រូវបានគេប្រទះឃើញនៅកោះ Sardinia របស់ប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ខណៈដែលកូនរបស់វាក៏បានស្លាប់ទៅជាមួយ ហើយនៅក្នុងក្រពះរបស់វាក៏ត្រូវបានគេរកឃើញថា មានសំរាមផ្លាស្ទីកចំនួន ២២ គីឡូក្រាម ផងដែរ។ វាពិតជារឿងគួរឱ្យសោកស្តាយបំផុត ដែលសំរាមផ្លាស្ទីកនៅក្នុងសមុទ្រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលជារឿយៗសំរាមទាំងនេះបានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺសត្វដែលរស់នៅក្នុងសមុទ្រ។

លោក Luca Bittau ប្រធានក្រុមរបស់ SeaMe បានប្រាប់ CNN ថា នៅក្នុងពោះសាកសពត្រីបាឡែននេះ មានទាំងសំរាមផ្លាស្ទីក សំណាញ់សម្រាប់នេសាទត្រី និងកាកសំណល់ផ្សេងៗដែលស្ទើរតែមិនអាចកំណត់អត្តសញ្ញាណបាន។ ត្រីបាឡែននេះស្លាប់ទាំងមានផ្ទៃពោះ ហើយវាប្រហែលជាជិតរលូតទៀតផង មុនពេលដែលវាស្លាប់ និងអណ្តែតមកច្រាំង។ គួររំឭកផងដែរថា កាលពីប៉ុន្មានរយៈមុនក៏មានករណីសំរាមក្នុងពោះត្រីបាឡែន និងបណ្តាលឱ្យវាស្លាប់ដូចគ្នានេះដែរនៅក្នុងប្រទេសហ្វីលីពីន៕


អត្ថបទ៖ លីដា
ប្រភព៖ CNN